ព័ត៌មានជាតិ

ក្រសួងការងារ៖ កម្មករនិយោជិត ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងត្រូវដាក់ឲ្យដាច់ដោយឡែក ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា បើសិនមានករណីកម្មករនិយោជិត ណាម្នាក់ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំដោយឯកឯង នោះកម្មករនិយោជិត នឹងត្រូវដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងពេលដាក់នៅដាច់ដោយឡែកនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារនៅថ្ងៃទី៩ មេសានេះ បានបញ្ជាក់ថា យោងអនុក្រឹត្យលេខ៥០អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់បន្ថែមដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ នេះ ដូចខាងក្រោម៖

១៖ កម្មករនិយោជិតត្រូវបន្តធ្វើការ ដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ខ្លួន។

២៖ ករណីកម្មករនិយោជិតណាម្នាក់ ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។

៣៖ ករណីកម្មករនិយោជិតណាម្នាក់ ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។

៤៖ និយោជកត្រូវចាត់ចែងឱ្យមាន បញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្ត វិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។

អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ក្រសួងជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top