ព័ត៌មានជាតិ

រកឃើញ អាល់កុល ក្លែងក្លាយ នៅផ្សារស្វាយជ្រំ

ស្វាយរៀង ៖ សាខាកាពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០ចុះណែនាំ ឱ្យបងប្អូនអាជីវករលក់ដូរ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ពិនិត្យការតាំងលក់អាកុល ជែលលាងដៃ និង ម៉ាស់របស់ក្រុមអាជីវករលក់ដូរ បានធ្វើតេស្តរកសាធាតុគីមីនិងគុណភាពអាល់កុលក្នុងនោះ មន្ត្រីយើងបានដកហូតបានអាកុល ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់ អនុញ្ញាតចំនួន១៧ដប និងអាល់កុលក្លែងក្លាយ១២ដប ព្រមទាំងនំចម្រុះ៧គីឡូក្រាមខូចគុណភាព និងបានធ្វើការណែនាំ ដល់អាជីវករលក់ដូរ ត្រូវបញ្ឍប់ការតាំងលក់អាកុលដែលគ្មានប្រភពច្បាស់លាស់បន្តទៀត។

លោក ផឹង និល ប្រធានសាខាកាពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មក៏បានព្រមានថា ក្នុងករណីដែលនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងកំឡុងពេលប្រទេសកម្ពុជា កំពុងជួបប្រទះជំងឺរាតត្បាត ជាសកល (កូវីដ-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

លោកផឹង និលបានសំណូមពរដល់អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញ យកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក័យបត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ច តាមរកអ្នកផ្គត់ផ្គង់ផលិតផលទាំងនោះ និងស្វែងរកប្រភពនាំចូល ដើម្បីសាខា(ក.ប.ប)ងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណ ក្នុងការអនុវត្តច្បាប់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top