ព័ត៌មានជាតិ

កូវីដ-១៩៖ រដ្ឋមន្រ្តីការពារជាតិ អំពាវនាវដល់កងកម្លាំង អនុវត តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារការរីករាលដាល

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អំពាវដល់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុង ការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិត ការធ្វើដំណើរ ចេញចូលនិងឆ្លងកាត់ រាជធានីភ្នំពេញ ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19 ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា បានថ្លែងថា “សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិត ការធ្វើដំណើរចេញចូល និងឆ្លងកាត់រាជធានីភ្នំពេញ ការឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តទៅខេត្តមួយទៀត ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19″។

សម្ដេចបញ្ជាក់ថា ការដាក់កំហិតនេះ បានចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ២៤:០០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដល់ម៉ោង ២៤:០០ នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញបានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។ដោយហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរ ផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើ ដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ទៀត ៕

ដោយ៖ធី ថូ

To Top