ព័ត៌មានជាតិ

សម្ដេចតេជោ សន្យាថា បើមានអ្វីកើតឡើង រាជរដ្ឋាភិបាល នឹងមើលថែកម្មករ ប្រសើរជាងស្តាប់ តាមការអូសទាញ ជនអគតិ

ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រសិនបើមានអ្វីកើតឡើង រាជរដ្ឋាភិបាលនឹងមើលថែ កម្មករ-កម្មការិនី
ប្រសើរជាងស្តាប់ តាមការអូសទាញជនអគតិ នៅពេលកម្មករ ឆ្លងមេរោគ កូវីដ-១៩ ហើយពួកជនអគតិទាំងនេះ មិនអាចជួយអ្វីបានឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក នារសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ ថា
“អរគុណ កម្មករ -កម្មការិនី ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល”។

សម្ដេចតេជោ បន្ដថា កម្មករ-កម្មការិនី ត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសុខភាព សម្រាប់ក្រុមគ្រួសារ ។

សម្ដេចតេជោ មានប្រសាសន៍ ថា “ប្រសិនបើមានអ្វីកើតឡើង គឺរាជរដ្ឋាភិបាលនឹងមើលថែក្មួយៗ ដែលប្រសើរជាងក្មួយៗ ស្តាប់តាមការអូសទាញញុះញុង របស់ជនអគតិមួយចំនួន គឺនៅពេលដែលក្មួយៗ ឆ្លងរោគបានសម្រេចហើយ គឺពួកគេមិនអាចមកជួយ អ្វីដល់រូបក្មួយៗបានឡើយ”។

ជាងនេះទៅទៀត សម្ដេច តេជោ ហ៊ុន សែន លើកឡើងថា នៅពេលឃើញកម្មករមានសុវត្ថិភាព រាជរដ្ឋាភិបាលសប្បាយចិត្ត ជាពិសេស ឪពុកម្តាយ ក្រុមគ្រួសារ កម្មករ ក៏សប្បាយចិត្ត ដែលព្រោះបានដឹងថា ពួកគាត់កំពុងធ្វើការ នៅក្នុងកន្លែង ដែលមានសុវត្ថិភាពបំផុត ស្របពេលប្រទេសជាតិ កំពុងដាក់បម្រាមផ្អាក មិនឲ្យពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីក រាលដាលជំងឺឆ្លង កូវីដ-១៩ ។

សម្ដេចតេជោ បន្ថែមថា កន្លែងធ្វើការ ជាកន្លែងមានសុវត្ថិភាពបំផុត ដែលប្រសើរជាង ការសម្រេចទៅសម្រាកលំហែរ កំសាន្តនៅកន្លែងដទៃ ដែលមិនមានសុវត្ថិភាព ក្នុងពេលដែលប្រទេសជាតិកំពុង ប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩៕

ដោយ ៖ អេង ប៊ូឆេង

To Top