ព័ត៌មានជាតិ

ថ្ងៃ នេះ៤៥ឆ្នាំមុន ទីក្រុងភ្នំពេញ ស្ថិតក្នុងសភាពការណ៍ ជ្រួលច្របល់ពេញទំហឹង

ភ្នំពេញ :លោក ឃួន ថោងស៊ីន នាយមជ្ឈមណ្ឌល ចងក្រងឯកសារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានរំលេចព្រឹត្តិការណ៍ កាលពី៤៥ឆ្នាំមុនថា ថ្ងៃទី១២ ខែមេសាឆ្នាំ ១៩៧៥ ទីក្រុងភ្នំពេញ ស្ថិតក្នុងសភាពការណ៍ ជ្រួលច្របល់ពេញទំហឹង ដោយសារតែខ្មែរក្រហម បានរំកឹលខ្លួនចូលកាន់កៀក និងហ៊ុព័ទ្ធទីក្រុងភ្នំពេញ រួមទាំងការបាញ់ផ្លោង ចូលក្នុងក្រុងភ្នំពេញ ដូចគ្រាប់ភ្លៀង ។

មន្រ្តីកងទ័ពជើងអាកាសរូបនេះ បានសរសេរ លើគេហទំព័រហ្វសប៊ុកថា ពេលនោះគ្មានអ្នកណាម្នាក់ បានគឹតថា ជាថ្ងៃជឹតចូលឆ្នាំខ្មែរនោះទេគ្រប់ៗគ្នា ភ័យតក់ស្លុតពីចូលមកដល់ របស់ទាហានខ្មែរក្រហម ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយថ្ងៃទី ១២ ខែមេសាឆ្នាំ ១៩៧៥ ជាថ្ងៃចុងក្រោយ ដែលអាមេរិក បានចាកចេញពីកម្ពុជា បន្ទាប់ពីទីប្រជុំជនអ្នកលឿង ត្រូវបានរំដោះទាំងស្រុង ក្នុងកណ្តាប់ដៃខ្មែរក្រហម ។

ប្រការនេះ ហើយបានជាអាមេរិក បានយល់ឃើញថា របបសាធារណរដ្ឋខ្មែរ នឹងដួលរលំឆាប់ៗ ក្នុងរដូវកាលចូលឆ្នាំខ្មែរ ខ្ញុំបានឃើញផ្ទាល់ភ្នែក ពីការចាកចេញរបស់អាមេរិក និងមន្ត្រីសាធារណរដ្ឋខ្មែរ តាមឧទ្ធម្ភាគចក្រ នៃកងទ័ពជើងទឹកអាមេរិក ជាច្រើនគ្រឿងបានចុះចត នៅម្តុំប៊ូឌិញ ដែលជាទីតាំងស្ថាន ទូតអាមេរិក ។

ដំបូងកងទ័ពជើងទឹក អាមេរិក បានយកចំពុះទុង ទៅចាក់ទម្លាយកង់ឡាន របស់ប្រជាពលរដ្ឋ ដែលឈប់សំចតក្បែរកន្លែង ចុះចតឧទ្ធម្ភាគចក្រអាមេរិក បន្ទាប់មកទាហានអាមេរិក បានផ្តល់សញ្ញាឲ្យឧទ្ធម្ភាគចក្រ ចុះចតជាបន្តបន្ទាប់ ដើម្បីដាក់បុគ្គលិកស្ថានទូត និងមន្ត្រីរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ។

នៅលើផ្ទៃមេឃយន្តហោះ សង្កេតការណ៍អាមេរិក ជាច្រើនគ្រឿងបានហោះឆ្វែលក្រឡឹង ការពារការបាញ់ផ្លោង ពីសំណាក់ទាហានខ្មែរក្រហម ដែលស្ថិតនៅត្រើយខាងកើតមុខវាំង ។ ការចាកចេញ របស់អាមេរិក បានធ្វើឲ្យកម្លាំង ខ្មែរក្រហម កាន់តែមានសន្ទុះខ្លាំងក្លា វាយលុកចូលទីក្រុងភ្នំពេញ ខណះដែលទាហានលន់ នល់ បានទន់ដៃទម្លាក់អាវុធ រត់ចោលទីតាំង ជាច្រើនកន្លែង ។ នេះជាព្រឹត្តិការណ៍ដែលទាក់ទង នឹងពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ ១៩៧៥-១៩៧៩ តើប្រជាពលរដ្ឋខ្មែរ បានប្រារព្វធ្វើពិធីបុណ្យ ចូលឆ្នាំខ្មែរដែរឬទេ ?
មិនត្រឹមតែមិនបានប្រារព្វ ពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះទេ ប្រទេសជាតិត្រូវបានធ្លាក់ ក្នុងរណ្តៅមរណៈថែមទៀត ចុះហេតុដូចម្តេចគ្រាន់តែផ្អាកការចូលឆ្នាំខ្មែរ ដោយសារតែជម្ងឺកូវីត ១៩ ដើម្បីការពារអាយុជិវិត ប្រជាពលរដ្ឋ យើងមិនអាចធ្វើបាន ? ប្រទេសជាតិមានសុខសន្តិភាព ថ្ងៃចូលឆ្នាំយើងអាចលើកប្រារព្វ ធ្វើនៅពេលណាមួយដែលជម្ងឺកូវីត ១៩ ត្រូវវិនាសផុតទៅ យើងមានពេលវេលាវែងណាស់ សំរាប់ធ្វើអ្វីគ្រប់យ៉ាង វាផ្ទុយពីសភាពការឆ្នាំ ១៩៧៥-១៩៧៩ ៕

To Top