ព័ត៌មានជាតិ

ប្លន់រថយន្ត ពីខណ្ឌ៧មករា រួចយករថយន្ត មកទុកចោល នៅកោះពេជ្រ ខណ្ឌចំការមន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាជនជាតិចិន បានធ្វើសកម្មភាព ដោយយកកាំបិត មកភ្ជង់ប្លន់ រថយន្តម៉ាកព្រូស ពីជនជាតិចិនដូចគ្នា បានសម្រេច កាលពីម៉ោងជាង៩យប់ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ១១១ កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រួចយករថយន្ត ទុកចោល មុខអាគារB ក្នុងមជ្ឈមណ្ឌល កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានចុះមក សហការគ្នាជាមួយសមត្ថកិច្ច ជំនាញកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ច ខណ្ឌចំការមន ធ្វើការ ស្រាវជ្រាវឃើញ តាមប្រព័ន្ធGPS នៅវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ ។

តាមព័ត៌មានពីកន្លែងកើតហេតុ បានគេនិយាយថា រថយន្តដែលត្រូវជនសង្ស័យ ភ្ជង់ប្លន់ ម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6277 ជាកម្មសិទ្ធរបស់ជនជាតិខ្មែរ បានជួលឲ្យជនជាតិចិនបើកបរ ។ ហើយនៅថ្ងៃកើតហេតុ ខាងលើ មានជនសង្ស័យម្នាក់ ជាជនជនជាតិចិន បានធ្វើសកម្មភាព យកកាំបិតភ្ជង់គំរាម និងប្លន់ យករថយន្តពីសង្កាត់បឹងព្រលិត ខណ្ឌ៧មករា យកមកចតទុកចោល នៅមុខអាគារB ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេ បាសាកខណ្ឌចំការមន រួចគេចខ្លួនបាត់ ។

ក្រោយមកកម្លាំងនគរបាល បានធ្វើកំណត់ហេតុ ហើយស្ទួចយករថយន្តម៉ាកToyota Prius ខាងលើទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីធ្វើការស្រាវជ្រាវ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

To Top