ព័ត៌មានជាតិ

យុទ្ធនាការ ផ្សព្វផ្សាយ សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ជំហ៊ាន២ របស់ អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ចប់!

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចប់យុទ្ធនាការលើកទី២ របស់ខ្លួន ក្នុងការចូលរួមផ្សព្វផ្សាយ សេក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់បណ្តាមូលដ្ឋានភូមិសង្កាត់ នៅក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុភិបាល បានប្រកាសពីស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានអ្នកជាសះស្បើយថ្មីចំនួន ០៥នាក់ សរុបចំនួនអ្នកជាសះស្បើយកើនដល់ ៩៦នាក់ ក្នុងចំណោមអ្នកមានវីរុស១២២នាក់ និងគ្មានករណីវិជ្ជមានវីរុសថ្មីឡើយ ដែលលទ្ធផលនេះ អាចចាត់ទុកថាប្រជាជនយើង បានទទួលព័ត៌មាននិង ចូលរួមការពារនិងទប់ស្កាត់ គួរឲ្យកត់សម្គាល់ផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយផ្តើមចេញពី ការអនុវត្តយ៉ាងហ្មត់ចត់ តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការការពារប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ជំងឺឆ្លង កូវីដ១៩ ដូចជាមិនធ្វើដំណើរចល័ត  អនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងមានមនុស្សច្រើន រក្សាអនាម័យ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាកុល ឬជែលសម្លាប់មេរោគ និងប្រើប្រាស់ម៉ាសជាប្រចាំនៅសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានការ រក្សាសុវត្ថិភាពបន្ថែម ជាច្រើនសម្រាប់សមាជិកខ្លួនដូចជា ត្រួតពិនិត្យកម្តៅរៀងរាល់ថ្ងៃ បំពាក់នូវទូរបាញ់ថ្នាំសម្លាប់មេរោគសម្រាប់អ្នកចេញចូលទីបញ្ជាការគ្រប់រូប កែច្នៃរបាំងការពារ ពីការក្អកកណ្តាស់ប៉ះមុខគ្នា បាញ់ថ្នាំសម្លាប់មេរោគជុំវិញបរិវេណទីបញ្ជាការ និងបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤  ហើយក៏បានចូលរួម សហការណ៍ជាមួយអជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ ចុះធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពី វិធានការ បង្ការ និង ទប់ស្កាត់ ជំងឺកូវីដ១៩ ចំនួន២វគ្គ តាមរយៈក្រុមម៉ូតូកង់បី របស់អាវុធហត្ថរាជធាំនីភ្នំពេញ ដែលក្នុងនោះរួមមាន៖    

–  ជំហាន១ បានចុះផ្សព្វផ្សាយ ពីថ្ងៃទី៣១ ខែមីនា ដល់ត្រឹមថ្ងៃ០៥ ខែមេសា ឆ្នាំ២០២០

–  ជំហាន២ បានចុះផ្សព្វផ្សាយ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ត្រូវបានបញ្ចប់តាមកាលកំណត់។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top