ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាព ការងារ និងការថែទាំសុខភាព របស់កម្មករ-កម្មការិនី រោងចក្រមេតថេក

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្ត លោក អ៊ុន ចាន់ដា រួមដំណើរដោយ លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២០ នេះ បានចុះពិនិត្យ អំពីស្ថានភាព ការងារនិងការថែទាំសុខភាព របស់កម្មករកម្មការិនី នៃរោងចក្រ មេតថេក ស្ថិតនៅក្នុង ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក គៀង ទាគង់ ជំនជំនួយការអគ្គនាយកក្រុមហ៊ុន មេតថេក អោយដឹងថា រោងចក្រកាត់ដេរមេតថេក មានកម្មករ-កម្មការិនី សរុប ៣៧២៥ នាក់ ប្រុស ៣៤៤ នាក់ ស្រី ៣៣៨១នាក់ ។

លោក គៀង ទាគង់ បានឲ្យដឹងទៀតថា រោងចក្ររបស់លោក មានដំណើរការការងារជាធម្មតា ។ ជាមួយគ្នានេះ ការថែ ទាំសុខភាពកម្មករ កម្មការនី ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ១៩ ខាងរោងចក្រ បាន ប្រើទឹកអាកុលសម្រាប់លាងសម្អាតដៃ និងដាក់ម៉ាស៊ីនស្កេន កំដៅ មុនពេលអនុញ្ញាតឲ្យកម្មករ-កម្មការិនី ចូលបំពេញការងាររបស់ខ្លួន ។

ស្ថិតក្នុងឱកាសនោះដែរ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរោងចក្រកាត់ដេរ ក្រុមហ៊ុនមេតថេក ដែលបានចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានសំណូមពរ ឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន បន្តកិច្ចការ អនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សុខាភិបាល ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរ ដើម្បីសុខមាល ភាព នៃ យើងទាំងអស់គ្នា ។

To Top