ព័ត៌មានជាតិ

កម្ពុជាកំពុងជួបវិបត្តិ កូវីដ-១៩ ក្នុង នោះក៏មានជនខិលខូច នាំចូលផលិតផល គ្មានច្បាប់អនុញ្ញាត មកកម្ពុជាផងដែរ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានថ្លែងថា កម្ពុជាកំពុងជួបជំងឺ កូវីដ-១៩ ក៏មានជនខិលខូចមួយចំនួន បានលូចនាំចូល ចែកចាយនូវឧបករណ៍បរិក្ខាពពេទ្យ ដូចជា អាល់កុល ជែល សារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាសលាស់ មកកម្ពុជា ហើយ គណៈកម្មាធិការ ក៏បានបង្ក្រាប ទាន់ពេលវេលាផងដែរ ។

ក្នុងពិធីចុះហត្ថលេខា លើកកិច្ចព្រមព្រៀង សហការជាមួយ ក្រុមហ៊ុន ធី អ អ៊ី អ៊ីមផក អិចផត ឯ.ក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា បានឲ្យដឹងថា ក្នុងក្នុងស្ថានភាព កូវីដ-១៩ កើតមានឡើងនៅ កម្ពុជា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបបទល្មើស ផលិតផលគ្មានច្បាប់ ដូចជា អាល់កុល ជែល ជាដើម បានច្រើនករណីផងដែរ ។ លោកថា គណៈកម្មាធិការ នឹងធ្វើការបូកសរុបការងារ បង្ក្រាបនេះ នៅពេល កូវីដ-១៩ ត្រូវបានបញ្ចប់។

លោក មានប្រសាសន៍ថា «រាលដាលជំងឺកូវីដ-១៩ ដោយខណៈពេលដែលសកលលោក ក៏ដូចជា ប្រទេសកម្ពុជា កំពុងជួបមានករណីជំងឺ កូវីដ-១៩ ដែលស្ថិតក្នុង ស្ថានភាព ដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួន បានលូចនាំចូល និងចែកចាយ នូវឧបករណ៍ បរិក្ខាពពេទ្យ អាល់កុល ជែល និងសារធាតុ សម្លាប់មេរោគ ដែលគ្មាន ប្រភពច្បាសលាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទាន់ទទួល បានលិខិត អនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាពទាំងនេះ គឺជាអំពើល្មើសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋយើង»។

ទន្ទឹមនឹងនោះ គណៈកម្មាធិការ ផលិតផលក្លែងក្លាយ ក៏បានបន្ដលើឡើងថា ដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុនដែលមានច្បាប់ ទំលាប់ត្រឹមត្រូវ គឺត្រូវតែទទួលស្គាល់ និងលើកទឹកចិត្តឲ្យបន្ដសកម្ម ភាពធុរកិច្ចរបស់ខ្លួន ឲ្យបានកាន់តែរីកចំរើនថែមទៀត។ ប្រជាពលរដ្ឋ ដែលពុំទាន់មានច្បាប់ទម្លាប់ ត្រឹមត្រូវត្រូវប្រញាប់ទៅបំពេញ បែបបទចុះបញ្ជី ស្នាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ទទួលបាននូវផលិតផល និងសេវាកម្ម ដែលមានគុណភាព ហើយស្របច្បាប់។

សូមបញ្ជាក់ថា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ នាពេលកន្លងទៅនេះ បានប្រតិបត្តិការបង្ក្រាប និងបំផ្លាញចោល ផលិតផលខុសច្បាប់ ជាច្រើនលើក និងមានចំនួនរាប់រយតោន រួម មាន ៖ ផលិតផលឱសថ គ្រឿងសំអាង ផលិតផលប្រើប្រាស់ និងគ្រឿង ឧបភោគបរិភោគខុសច្បាប់ និង ខូចគុណភាពជាច្រើនសន្ធឹកសន្ធាប់ និងបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ ដើម្បី ផ្ដន្ទាទោស តាមច្បាប់ជាជ្រើននាក់ ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top