ព័ត៌មានជាតិ

អគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ផ្តល់អំណោយ សប្បុរសធម៌ជូនដល់ កាកបាទក្រហមកម្ពុជា នូវថវិកា ៥០ ម៉ឺនដុល្លារ

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន បានបរិច្ចាគនូវថវិកា ចំនួន ៥០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរ ខួបគម្រប់លើកទី ១៥៧ នៃទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមពិភពលោក ដែលនឹងប្រារព្ធឡើង នៅក្នុងទិវា៨ ឧសភា ឆ្នាំ ២០២០។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈការផ្តល់ជូនវិញ្ញាបនប័ត្រ ថ្លែងអំណរគុណដល់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះលោកអគ្គនាយក និងលោកស្រី ដែលបានបន្តក្តីអាណិតអាសូរ និងជួយគាំទ្រយ៉ាងធំធេងដល់ប្រជាជាតិខ្មែរ។

នេះគឺជាប្រពៃណីស្វាគមន៍មួយ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកអគ្គនាយក អ្នកឧកញ៉ា គិត ម៉េង ក្នុងការសន្យាផ្តល់អំណោយជារៀងរាល់ឆ្នាំ ជូនដល់កាកបាទក្រហមកម្ពុជា នៅរៀងរាល់ទិវា ៨ ឧសភា ដើម្បីជួយគាំទ្រ ដល់ការងារសប្បុរសធម៌ និងចាំបាច់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។

ទង្វើដ៏ថ្លៃថ្លារបស់លោកអគ្គនាយក គឺសមឥតខ្ចោះ ជាមួយនឹងប្រធានបទ នៃពិធីគម្រប់ខួបរបស់កាកបាទក្រហមឆ្នាំនេះ ដែលមានខ្លឹមសារ៖ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “យើងបានយល់ច្បាស់ថា ក្នុងនាមជាក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិខ្មែរ និងជាមោទនភាព របស់ពលរដ្ឋខ្មែរទាំងមូល យើងត្រូវតែធានាថា យើងអាចបន្តជួយគាំទ្រ ដល់អង្គការដែលមានភាពសក្ដិសម និងសមត្ថភាពអស្ចារ្យ ដូចជាកាកបាទក្រហមកម្ពុជា ក្នុងគ្រាដ៏លំបាកបែបនេះ” ។

គួរបញ្ជាក់ផងដែរថា កាលពីខែកន្លងទៅ អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធ្លាប់បានបរិច្ចាគនូវថវិកាចំនួន ៥០មឺុនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដោះស្រាយ ជាមួយនឹងបញ្ហាជម្ងឺកូវីដ ១៩ ។ នេះគឺជានិមិត្តរូប ដ៏រឹងមាំមួយទៀតនៃសារៈសំខាន់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីជួយឱ្យប្រទេសកម្ពុជា មានសុខសុវត្ថិភាព និងអភិវឌ្ឍន៍ឆ្ពោះទៅមុខ។

អំណោយដែលផ្តល់ជូន ដោយអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ត្រូវបានទទួលស្គាល់ ជាផ្លូវការតាមរយៈលិខិតថ្លែងអំណរគុណ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

ដោយឡែកផងដែរ ក្នុងអំឡុងឆ្នាំ ២០១៩ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួម បរិច្ចាគថវិកា ចំនួន ១០ ម៉ឺនដុល្លារ ជួយដល់ជនរងគ្រោះ ក្នុងការបាក់រលំអគារ ៧ ជាន់នៅខេត្តកែប និងផ្តល់នូវថវិកាចំនួន ៣ លានដុល្លារទៀត សម្រាប់គម្រោងទំនើបកម្ម នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ៕


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top