ព័ត៌មានជាតិ

កម្មការិនីម្នាក់ រត់ឆ្លងថ្នល់ មិនបានមើល ត្រូវរថយន្តបុកស្លាប់

ស្វាយរៀង ៖ កម្មការិនីរោងចក្រម្នាក់ រត់ឆ្លងថ្នល់ មិនប្រយត្ន័ ត្រូវរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ បុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង៥ និង ៤៥នាទីព្រឹកថ្ងៃថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ.៣១៤.D. ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាម.3.A0439 ធ្វើដំណើរពីត្បូង ទៅជើងបើកបរ ដោយបុរសម្នាក់ មានឈ្មោះ ឆូយ ភីរុន អាយុ៤២ឆ្នាំ រស់នៅភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរបើករថយន្ត ដឹកកម្មករកម្មការិនីរោងចក្រ។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ មានស្ត្រីម្នាក់ឈ្មោះ ស្ងួន ស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នុំស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រ (ធ្វើការវេនយប់)បានចុះពីរថយន្ដ ដែលខ្លួនជិះដើរចូលក្នុងផ្សារ កំពង់រោទិ៍ដើម្បីទិញអីវ៉ាន់ លុះត្រឡប់ចេញមកវិញ បាំងរថយន្តមួយគ្រឿងផ្សេងទៀត ក៏រត់ឆ្លងថ្នល់ពីទិសខាងកើតទៅលិច នៅខាងផ្សារកំពង់រោទិ៍ សំដៅទៅរថយន្តរបស់ខ្លួន ជិះក៏ត្រូវរថយន្តខាងលើ បុកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុតែម្តង។

ក្រោយបង្កឲ្យមានគ្រោះថ្នាក់រួចមក អ្នកបើកបររថយន្តបានចុះពី រថយន្តរត់គេចខ្លួន បាត់ស្រមោលតែម្តង ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំពោះរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាល ឃុំញរ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕

To Top