ព័ត៌មានជាតិ

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម ណែនាំ៥ចំណុច ដល់សាសនិកទូទាំងប្រទេស អនុវត្តតាមផ្ទះរៀងៗខ្លួន ក្នុងខែរ៉ាម៉ាឌន ទប់ស្កាត់ កូវីដ-១៩

ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំង បង្ការការពារពីការឆ្លង រាលដាល នៃជំងឺកូវីដ១៩ (COVID-19) គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត, គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ, គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាម ទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម គ្រោងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំចំនួន ៥ចំណុច ដូចខាងក្រោម៖
ទី១៖ ការពិសា អាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
ទី២៖ ការស្រឡាតតារ៉វ៉េះ(ថ្វាយបង្គំពេលយប់ ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើការជាលក្ខណៈគ្រួសារ នៅតាមផ្ទះ
ទី៣៖ ថ្ងៃបុណ្យយរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនចាច់សូត្រឃុតពះក៏បាន
ទី៤៖ ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
ទី៥៖ ត្រូវអនុវត្តវិធីបង្ការ តាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន ៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា ។

ករណីមានការសង្ស័យ សូមប្រញាប់ទាក់ទង ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួន នៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top