ព័ត៌មានជាតិ

ដើម្បីសម្រួល ដល់សមាជិក របស់ខ្លួន ឱ្យកាន់តែងាយស្រួល ប.ស.ស. នឹងបង្កើតកម្មវិធី NSSF Mobile App

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការ កណ្តាលនៃ ប.ស.ស. រាជធានីភ្នំពេញ ដឹកនាំដោយ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិភាក្សាមួយ ជាមួយក្រុមការងារនៃអង្គការ GIZ ស្តីពីវឌ្ឍនភាព នៃកម្មវិធីសម្រាប់សមាជិក ប.ស.ស. តាមរយៈទូរស័ព្ទដៃ (NSSF Mobile App)។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យតាមដានទៅលើ៖ (១) ដំណើរការនៃកម្មវិធីសម្រាប់សមាជិក ប.ស.ស. តាមរយៈទូរស័ព្ទដៃ (NSSF Mobile App), (២) ការសិក្សាស្វែងយល់ និងរៀបចំឲ្យមានគណៈកម្មការសម្រាប់ការអនុវត្តសាកល្បងកម្មវិធីសម្រាប់សមាជិក ប.ស.ស. តាមរយៈទូរស័ព្ទដៃ, (៣) ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការផ្សព្វផ្សាយកម្មវិធីសម្រាប់សមាជិក ប.ស.ស តាមរយៈទូរស័ព្ទដៃ និង (៤) ដើម្បីសម្រួលដល់បងប្អូនដែលជាសមាជិក ប.ស.ស ទាំងអស់ឱ្យកាន់តែមានភាពងាយស្រួលក្នុងការឆែកសុពលភាពប័ណ្ណសមាជិក ប.ស.ស. របស់ខ្លួន រួមទាំងព័ត៌មានផ្សេងៗទៀត ក៏ដូចជាចំនួនដងនៃការទៅប្រើប្រាស់សេវានៅតាមមន្ទីរសុខាភិបាលផងដែរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តិទៅដោយមានការចូលរួមពី លោក Hubert Zander ទីប្រឹក្សាបច្ចេកទេសនៃ ប.ស.ស. លោក Kelvin Hui HSF Component Leader Social Health Protection នៃអង្គការ GIZ និងលោកវេជ្ជ. Song Chhiay ទីប្រឹក្សាផ្នែកកិច្ចគាំពារសង្គម ៕

To Top