ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ក្រោយពីរឹតបន្ដឹង ច្បាប់ចរាចរណ៍ ២សប្តាហ៍

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ក្នុងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១-១៤ ខែឧសភា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មានការ ថយចុះ បន្ទាប់ពី រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

សម្ដេច ស ខេង បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ថា «ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពី លទ្ធផល ជាវិជ្ជមាន ប្រកបដោយនិន្នាការដ៏ល្អ ចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ២សប្តាហ៍ ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់ បើប្រៀបធៀប នឹងពេលមុនមានការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ»។

សម្ដេចបន្ដថា ទិន្នន័យជាផ្លូវការ បានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុង រយៈពេល១៤ ថ្ងៃគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បើប្រៀបធៀប ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ដូចគ្នា គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់ ។

សម្ដេចបន្ថែមថា ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វិញ មានការថយចុះកាន់តែច្រើន ដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយ ចុះ៩១ នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាង ច្បាស់ថាប្រជាពលរដ្ឋយើង ពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ ចរាចរណ៍កាន់តែច្រើន ។

សម្ដេចបន្ថែមថា «ជាថ្មីម្តងទៀតខ្ញុំសូម ថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិ ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ដែលបានចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំង មានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបាន អនុវត្តភារកិច្ច របស់ខ្លួនបានល្អប្រសើរ»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ ចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជូនប្រជាពលរដ្ឋផងដែរ។

សម្ដេចរំលឹកថា កន្លងមកនេះមានមតិខ្លះ ក៏បានលើកឡើង ដោយសុំឲ្យមានការពន្យាឬ ក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយមូលហេតុផ្សេងៗគ្នា។

សម្ដេចថា «ខ្ញុំសូមជម្រាបបញ្ជាក់ ជូនបង ប្អូនជនរួមជាតិមេត្តាជ្រាបថា តាមលទ្ធផលជាវិជ្ជមាន ខាងលើនេះ បានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវ គោកនេះ គឺប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយើង នៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង»។

សម្ដេចបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវ បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ សម្ដេច ក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែល បានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕

ដោយ ៖ អេង ប៊ូឆេង

To Top