ព័ត៌មានជាតិ

លោក ឆាយ សុផល ចេញផ្សាយសៀវភៅ ប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជា ភាសាអង់គ្លេស

ភ្នំពេញ៖ លោក ឆាយ សុផល សាស្រ្តាចារ្យ ព័ត៌មាននិងសារគនាគមន៍ នៅសប្តាហ៍នេះ បានចេញផ្សាយសៀវ ភៅ ជា ភាសាអង់ គ្លេស ស្តីពីប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាស្រ្តីទី១នៃប្រទេស។

លោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មាន ជើងចាស់ដែរនោះ បានរៀបរាប់ថា សៀវភៅដែលមានចំណងជើងថា “ប៊ុន រ៉ានី – ភរិយាបុរសខ្លាំងនៃកម្ពុជា” បានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែដោយ សារមានការស្នើសុំពីមិត្តអ្នកអានបរទេស លោកក៏បានសម្រេចចិត្តរៀបចំសៀវភៅនេះឡើងជាភាសាអង់គ្លេស។

លោកបញ្ជាក់ថា “ខ្ញុំបានទទួលសារតាមអ៊ីម៉េលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមានសំណើពី បណ្ណាគារខ្លះ នៅរាជធានីភ្នំពេញ ខ្ញុំ ក៏បានធ្វើសៀវភៅនេះ ជាភាសាអង់គ្លេស។ តាមពិត ធ្វើសៀវភៅមួយ ច្បាប់ ៗ គឺ ហត់ណាស់ តែធ្វើម៉េច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះទៅហើយ”។

បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះ បានឲ្យដឹងថា សៀវភៅដែលចំណងជើងជាភាសាអង់ គ្លេស សរសេរថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” ត្រូវបានបកប្រែដោយ ក្រុមជំនាញ និងមាន ការកែសម្រួលពីជនជាតិអាម៉េរិក។

គួរបញ្ជាក់ដែរថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួយថ្លៃបោះសៀវភៅនេះចំនួនមួយម៉ឺនច្បាប់។

លោក ឆាយ សុផល ក៏បានបញ្ជាក់ដែរថា សៀវភៅ “បងប្អូនប្រុសទាំង៣” ដែលរៀបរាប់ពីសាវតារ កូនប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិន នៅខែក្រោយនេះ ខណៈដែលសៀវភៅសម្តេចតេជោ ដែល មានចំណងជើងថា “ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ” នឹងចេញផ្សាយជាភាសាអង់គ្លេស នៅក្នុងអំឡុងខែសីហាឆ្នាំនេះដែរ៕

To Top