ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ដើម្បីទប់ទល់ វិបត្តិជាសកល តម្រូវឲ្យកម្ពុជា ពង្រឹងខឿន សន្ដិសុខជាតិ និង សន្ដិសុខផ្ទៃក្នុង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដើម្បីទប់ទល់នឹងវិបត្តិជាសកល ព្រមទាំងសម្ពាធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនៅឆ្នាំ២០២០នេះ គឺតម្រូវឲ្យកម្ពុជា ត្រូវតែពង្រឹង ឲ្យបាននូវខឿនសន្ដិសុខជាតិ និងសន្ដិសុខផៃ្ទក្នុង ដើម្បីទប់ស្កាត់មិន ឲ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ ពណ៌នៅកម្ពុជា ។

យោងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មបញ្ញា សិប្បនិម្មិត(៤.០) អាចចាត់ទុកថា ឆ្នាំ២០២០ ជាឆ្នាំដែលសកលលោកប្រឈម និងហានិភ័យនានាជាច្រើន ។

សម្ដេចតេជោបន្ដថា ការផ្ទុះឡើងនូវការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កើតឲ្យមានវិបត្តិសុខភាព សាធារណៈជាសកល ដោយបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ជំរុញបណ្ដាប្រទេស រងគ្រោះទាំងអស់ បង្ខំចិត្តធ្វើការផ្លាស់ប្ដូរយ៉ាងតក់ប្រហល់ នូវគោលនយោបាយ និង យុទ្ធសាស្ដ្ររៀងៗខ្លួន តាមស្ថានភាពជាក់ស្ដែង ។ ក្នុងនោះ កម្ពុជាក៏បាននិងកំពុងចាត់វិធានការ យ៉ាងហ្មត់ចត់ម៉ឹងម៉ាត់ បំផុត សំដៅបង្ការ ទប់ស្កាត់ ប្រឆាំងទៅនិង ការឆ្លងរាតត្បាត នៃមេរោគដ៏កាចសាហាវនេះ ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ទប់ទល់និងហានិភ័យនានា ដែលជះឥទ្ធិលដល់ស្ថានភាព សន្ដិសុខ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីទប់ទល់ និងវិបត្តិជាសកល និងសម្ពាធអវិជ្ជមាននានា ដែលកើត ចេញពីកត្តាខាងក្នុង និង កត្តាខាងក្រៅ នាឆ្នាំ២០២០ និងបណ្ដាឆ្នាំមុខតម្រូវឲ្យកម្ពុជា ត្រូវតែពង្រឹងឲ្យបានខឿនសន្ដិ សុខជាតិ និងសន្ដិសុខផៃក្នុងទប់ស្កាត់មិនឲ្យមាន រចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ ពណ៌នៅកម្ពុជា ការពារឲ្យបាននូវសន្ដិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណាភា ពទឹកដី ព្រមទាំង បន្ដទប់ស្កាយ់ និងបញ្ចៀស ឲ្យបានអំពើភេរវកម្ម»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់ថ្នាក់ សូមថែរក្សាសុខភាព និងអប់រំគ្រួសារ សាច់ញាតិ ឲ្យរក្សាអនាម័យជាប់ជា និច្ច និងគោរពប្រតិបត្តិការណែនាំ របស់ក្រសួងសុខភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោ ស្នើឲ្យអ្នកពាក់ព័ន្ធត្រូវបង្កលក្ខណៈ សម្បត្តិគ្រប់បែបយ៉ាង ក្នុងការសហការ គាំទ្រជួយដល់គណៈកម្មការប្រឆាំងកូវីដ-១៩ គ្រប់ថ្នាក់ឲ្យសម្រេចភារកិច្ចដោយជោគជ័យ តាមទិសស្លោក «យើងរួមគ្នាប្រឆាំង កូវីដ-១៩»។

ចំណែកសារលិខិជូនពររបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ឧសភា នេះបានឲ្យដឹងថា ស្ថានការណ៍ សម្រាប់ឆ្នាំ២០២០ កម្ពុជាអាចប្រឈមទៅ នឹងហានិភ័យពោរពេញដោយភាពស្មុគស្មាញជាច្រើន ដែលទទួលរងឥទ្ធិពល ពីវិបត្តិជាសកលផង និងឥទ្ធិពល នៅផ្ទៃក្នុងប្រទេសផង ដែលទាមទារជាចាំបាច់ឲ្យកង កម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុងការពង្រឹងសន្ដិសុខជាតិ ត្រូវបន្ដការយកចិកទុកដាក់ ចាត់ វិធានការឲ្យបានហ្មត់ចត់ និងតឹងរ៉ឹងបំផុត ក្នុងការថែរក្សាសន្ដិភាព ការពារខឿនសន្ដិសុខជាតិទប់ស្កាត់ និង បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្រប ច្បាប់ទប់ស្កាត់ឲ្យបានដាច់ខាត នូវចលនាបដិវត្តន៍ពណ៌ មិនឲ្យកើតមានជាថ្មីលើទឹកដីកម្ពុជា ឡើយ។

ទន្ទឹមនេះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវលើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នថែរក្សាសុខភាព និង មានអនាម័យជាប់ជានិច្ច ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺ កូវីដ-១៩ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជូនតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំង ត្រូវត្រៀម លក្ខណៈសម្បត្តិជួយគាំទ្រដល់គណៈកម្មការប្រឆាំង កូវីដ-១៩ គ្រប់ថ្នាក់ ដើម្បីសម្រេចភារ កិច្ចដោយជោគជ័យ។

ក្នុងសារលិខិតជូនពររបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិវិញ បានបញ្ជាក់ដែរថា ឆ្នាំ២០២០ គឺស្ថានភាពដែលពិភព លោកកំពុងតែប្រឈម ទៅនឹងសម្ពាធអវិជ្ជមានជាច្រើន ពិសេស ព្រឹត្តិការណ៍ពាក់ព័ន្ធដល់ វិស័យសន្ដិសុខ ស្របពេលដែលមានការផ្ទុះឡើង នូវវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្ដាលមកពីការរាតត្បាត នៃជំងឺកូវីដ-១៩ នោះ កម្ពុជាក៏មិនអាចគេចផុតពីឥទ្ធិ ពលប្រកបដោយហានិភ័យទាំងនោះបានឡើយ៕ ដោយ អេង ប៊ូឆេង

To Top