ព័ត៌មានជាតិ

កម្មកររោងចក្រ ស៊ីម៉ងត៍ភ្នំល្អាង ២នាក់ ឡើងបំផ្ទុះយកថ្មភ្នំ មិនប្រយ័ត្ន ត្រូវបំណែកថ្មធ្លាក់សង្កត់លើ បណ្ដាលឲ្យស្លាប់

កំពត ៖ កម្មកររោងចក្រស៊ីម៉ងត៍ ភ្នំល្អាង ២នាក់ បានស្លាប់ក្រោមបំណែកថ្ម ខណៈឡើងបំផ្ទុះយកថ្មភ្នំ មិនប្រយ័ត្ន កាលពីវេលាម៉ោង៤ និនិង៤០នាទរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំមួយកន្លែង ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

សមត្ថកិច្ចនគរបាលស្រុកដងទង់ បានឲ្យដឹងថា កម្មករពីរនាក់ ដែលធ្វើការក្នុងក្រុមហ៊ុនផលិតស៊ីម៉ងត៍ភ្នំល្អាង (រោងចក្រថៃប៊ុនរុង) បានស្លាប់ក្រោមបំណែកថ្ម យ៉ាងអាណោចអាធ័ម ខណៈកម្មករជាជនរងគ្រោះទាំងពីរនាក់ បានឡើងទៅបំផ្ទុះ យកថ្មភ្នំសម្រាប់ផលិតស៊ីម៉ងត៍ក្នុងរោងចក្រ ។

សមត្ថកិច្ចដដែល បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ រួមមាន៖ ទី១-ឈ្មោះ គុណ រ៉ាល់ ហៅតាល់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ,ទី២-ឈ្មោះ ញឹប សារុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់ រស់នៅក្នុងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះទាំងពីរនាក់នេះ ធ្វើការនៅក្រុមហ៊ុនផលិតស៊ីម៉ងត៍ ថៃប៊ុនរុង ដែលមានទីតាំងស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

បច្ចុប្បន្នសាកសព ជនរងគ្រោះទាំងពីរនាក់ ត្រូវបានកាយរកឃើញ ហើយប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ។
ដោយឡែកក្រុមហ៊ុន ថៃប៊ុនរុង បានសំណងទៅលើសាកសព ក្នុងម្នាក់ ៣៥,០០០ដុល្លារ និងថវិកា ចូលរួមបុណ្យសព ម្នាក់៤,០០០,០០០រៀល ផងដែរ ៕

To Top