ព័ត៌មានជាតិ

អង្គការចលនា ដើម្បីសុខភាពកម្ពុជា ទទួលបានពានពិសេស ពីអគ្គលេខាធិការ អង្គការសុខភាព ពិភពលោក

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា នាពេលថ្មីៗនេះ ទទួលបានពានពិសេស ពីអគ្គលេខាធិការអង្គការ សុខភាពពិភពលោក ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលក្នុងការត្រួតពិនិត្យ ផលិតផលថ្នាំ ជក់នៅកម្ពុជា ។

អស់រយៈកាលជាង ២០ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំង និងថ្នាំជក់នៅកម្ពុជា លោកវេជ្ជបណ្ឌិត បានធ្វើការតស៊ូមតិ និងបានធ្វើយុទ្ធនាការជាច្រើន ជាមួយស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យុវជន ស្រ្តី គ្រូបង្រៀន ព្រះសង្ឃ និងជនរងគ្រោះដោយសារថ្នាំជក់ ក្នុងការជំរុញឲ្យមានច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅកម្ពុជា ដែលច្បាប់នោះត្រូវបានអនុម័ត នៅឆ្នាំ២០១៥។

ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ការបង្កើតនិងអនុវត្តច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់គឺការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។ ឆ្លើយ តបនឹងបញ្ហានេះបានដាក់ចេញ យុទ្ធនាការ «ដល់ពេលហើយ! ឈប់ចាញ់បោកក្រុមហ៊ុនថ្នាំជក់» ត្រូវបានបង្កើតឡើង ដើម្បីបំផុសអោយយុវជនចូលរួមក្នុងការ ទប់ស្កាត់ឧបាយកលរបស់ឧស្សាហកម្មថ្នាំជក់។

នាពេលបច្ចុប្បន្នលោកវេជ្ជបណ្ឌិត មុំ គង់ បានកំពុងដឹកនាំអង្គការចលនា ដើម្បីសុខភាពកម្ពុជា ដើម្បីបន្តឆន្ទៈ ក្នុងការការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដើម្បីឈានទៅកាន់បន្ថយគ្រោះ ថ្នាក់ដល់អាយុជីវិតនិងសេដ្ឋកិច្ច របស់ពលរដ្ឋខ្មែរ ដែលបណ្ដាលមកពីការប្រើ ប្រាស់ថ្នាំជក់។

លោកវេជ្ជបណ្ឌិត បានធ្វើការតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពី ការត្រួតពិនិត្យថ្នាំជក់ ជាទៀងទាត់ និងធ្វើរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃការសិក្សា ស្រាវជ្រាវពីការវិនិយោគលើការ ត្រួតពិនិត្យថ្នាំជក់ នៅកម្ពុជាឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញា ស្ដីពី ការត្រួតពិនិត្យ ផលិតផលថ្នាំជក់ គឺការប្រើប្រាស់ផលិតផលថ្នាំជក់ ធ្វើឲ្យប្រជាជនកម្ពុជា ចំនួន ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ។ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋ មានប្រាក់ចំណូលទាបបំផុត។

មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់បណ្តាល ឲ្យខាតបង់ទឹកប្រាក់ ចំនួន៦៤៩ លានដុល្លារ ស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕

To Top