ព័ត៌មានជាតិ

កម្ពុជារំពឹងថា ការនាំចេញអង្ករ នៅឆ្នាំនេះនឹងកើនដល់ ជិត ១លានតោន ខណ:៥ខែនាំចេញ ជាង៣០ម៉ឺនតោន

ភ្នំពេញ៖លោកងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានប៉ាន់ស្មានក៏ដូចជារំពឹងទុកថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា នៅលើពិភពលោក នឹងមានការកើនឡើងរហូតដល់ទៅជិត១លានតោន ខណ:ត្រឹមតែរយ:ពេល៥ខែ នៅឆ្នាំនេះ កម្ពុជានាំចេញអង្ករបានចំនួនជាង៣០ម៉ឺនតោន។

ក្នុងសន្និសីទសារព័ត៌មានស្តីពី “សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ”នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកងិន ឆាយ បានថ្លែងថា គិតត្រឹមរយ:ពេល ៥ខែនៅឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក បានចំនួន៣៥.៦០០០តោន បើធៀបនឹងរយ:ដូចគ្នា នៅឆ្នាំ២០១៩ ចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់។

លោកបន្តថា “ចឹងទំហំនៃការនាំចេញរបស់យើង ខ្ញុំសង្ឃឹមថាជាពិសេសអង្ករ នៅឆ្នាំនេះ តាមការប៉ាន់ស្មាន ប្រហែលជា អាចបាន យើងប៉ាន់ស្មាន ទាំងអស់គ្នា ប្រហែលជាបានជិត១លានតោន ប្រសិនបើជាតាមសន្ទុះនៃការកម្ម៉ង់ ឬមួយក៏ ការប៉ាន់ស្មានពីសហព័ន្ធស្រូវអង្ករយ៉ាងហោចណាស់ ក៏យើងបានប្រហែលជា៨០ម៉ឺនតោនអីដែរ”។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលទាំងអស់ សរុបចំនួន ជាង៤លានតោន។

លោកបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជា បាននាំចេញ កសិផល ទៅកាន់បណ្ដាលនានា លើពិភពលោកបានចំនួន៦០ប្រទេស ដោយក្នុងនោះនាំចេញកសិផលទៅកាន់ទីផ្សារអឺរ៉ុប បានចំនួន១៦មុខទំនិញផងដែរ។

ទាក់ទងជាមួយផលិតផលខ្មែរ លោកបញ្ជាក់ថា មានបណ្ដាលប្រទេសជាច្រើន មិនដែលនិយាយគាំទ្រឬក៏ពេញចិត្តនូវផលិតផលកម្ពុជា មួយម៉ាត់ណាឡើយ ព្រោះគេគិតថា ផលិតផលខ្មែរគ្មានគុណភាព។

លោកបន្ថែមថា “ប្រទេសដ៏ច្រើន គេមិនដែលនិយាយគាំទ្រកម្ពុជា មួយម៉ាត់ទាល់តែសោះ បើនិយាយពីស្វាយវិញ គេតែងតែនិយាយថា កុំនាំស្វាយពីប្រទេសកម្ពុជា មានរោគច្រើនណាស់ កុំនាំស្វាយពីប្រទេសកម្ពុជា បាញ់ថ្នាំពុលហ្នឹងច្រើនណាស់ ចេកគេនិយាយដូចគ្នា កុំនាំចេកពីកម្ពុជាអី មានជំងឺច្រើនណាស់ គេអត់មានដែលថា នាំចេកពីកម្ពុជាទៅ កម្ពុជាចេកមានគុណភាពល្អ ស្វាយមានគុណភាពល្អយើងដឹងទាំងអស់គ្នាហើយ”។

លើសពីនេះទៀត ទាក់ទងជាមួយការនាំចេញនូវកសិផលនានា លោកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា បើមិនអនុវត្ត ភូតគាមអនាម័យ( SBS )ឲ្យបានល្អនោះទេគឺ នឹងមិនអាចនាំចេញនូវកសិផលនានាបានឡើយ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជា នាំចេញអង្ករបានចំនួន៦២ម៉ឺនតោន ទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក៕

ដោយ៖ធី លីថូ

To Top