ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កែសម្រួលសមាសភាព គ.ជ.អ.ប ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព នៃដំណើរការ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព គ.ជ.អ.ប ក្នុងគោល បំណង លើកកម្ពស់នូវប្រសិទ្ធភាព នៃការដឹកនាំសម្របសម្រួល កិច្ចដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។

ក្នុងកិច្ចប្រជុំ លើកទី១៨ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា ការកោះប្រជុំលើកទី១៨របស់ គ.ជ.អ.ប. នាពេលនេះ គឺធ្វើឡើង ក្នុងគោលបំណងពិនិត្យឡើងវិញ នូវវឌ្ឍនភាព ជាពិសេស លើបញ្ហាប្រឈមនានា នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលតម្រូវឲ្យទាំងអស់គ្នា ត្រូវបន្ត ដោះស្រាយជាមួយនឹងស្ថានភាព ដែលពិបាកនឹងព្យាករណ៍ អំពី ផលប៉ះពាល់ជាអវិជ្ជមាននៃ ជំងឺ កូវីដ-១៩ ទៅលើសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សម្ដេច បន្ដថា រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារសំខាន់ៗមួយចំនួន ជាពិសេស មុខងារ ក្នុងវិស័យសុខាភិបាល និងអប់រំឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំឡើងវិញ នូវ រចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលអាចកំណត់បានថា ជាសមិទ្ធ ផល និងជារបត់ជាប្រវត្តិសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរបស់កម្ពុជា។

សម្ដេចបន្ថែមថា គ.ជ.អ.ប ក៏បានរួមសហការគ្នាសម្រេចបាននូវកិច្ចការជាច្រើន នៃផែនការ សកម្មភាព ដែលបានឯកភាពក្នុងកិច្ចប្រជុំ លើកទី១៧ ដើម្បីធានាដល់ការរៀបចំ និងការ ប្រព្រឹត្ត ទៅនៃរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ យ៉ាងណាក៏ដោយ សម្ដេច បានកត់សំគាល់ថា នៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេស បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងកិច្ចដំណើរការនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលត្រូវបន្តដោះ ស្រាយបន្ត។

សម្ដេច ស ខេង មានប្រសាសន៍ថា «រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលសមាសភាព គ.ជ.អ.ប ដោយបានកែសម្រួល និងបន្ថែមសមាសភាពថ្នាក់ដឹកនាំថ្មីៗ មួយចំនួនក្នុងគោល បំណង លើកកម្ពស់នូវប្រសិទ្ធភាពនៃការដឹកនាំ សម្របសម្រួលកិច្ចដំណើរការ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ហើយថាជាការពិតណាស់ ប្រសិទ្ធភាពនៃការដឹកនាំរបស់ គ.ជ.អ.ប ក៏អាស្រ័យមួយចំណែក ទៅលើការរៀបចំនូវអនុគណៈកម្មាធិការ និងយន្តការនានា របស់ខ្លួនឲ្យមានភាពរឹងមាំដែរ»។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនានេះដែរ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក៏បានចេញ របាយការណ៍ ស្ដីអំ ពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងក្របខណ្ឌ នៃការ អនុវត្តមុខងារ និងរចនាសម្ព័ន្ធថ្មី។

វឌ្ឍនភាពដែលសម្រេចបានមានជាអាទិ៍ ការផ្ទេរបុគ្គលិកទៅឲ្យ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន២០៣ ,ការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីរួចរាល់, បណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធ បានជាង៤៨០០នាក់ ស្មើនឹង៨០ភាគរយ ,ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯសារពាក់ ព័ន្ធ ,ការផ្ទេរធនធានថវិកា ,កិច្ចដំណើរការផ្ទេរទ្រព្យសម្បត្តិ ,ការរៀបចំទិន្នន័យដើមគ្រា , ការតាមដាន ត្រួតពិនិត្យ និងការគាំទ្រដល់រដ្ឋបាលក្រុងស្រុកខណ្ឌជាប្រចាំ។

ទោះបីជាសម្រេចបានកិច្ចការខាងលើ ក៏ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្ដែង គ.ជ.អ.ប បានកត់ សំគាល់ថា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ កំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជាការប្រាស្រ័យ ទាក់ទងជាមួយស្ថាប័នខាងក្រៅ, ការប្រើប្រាស់ត្រារបស់អតីតការិយាល័យជំនាញមួយចំនួន, ការផ្ដល់សេវាមួយចំនួន, ទីកន្លែង, ឧបករណ៍និងសម្ភារបំពេញការងារ ដែលបញ្ហាទាំងអស់ នេះកំពុងស្ថិតក្នុងការសម្របសម្រួលដោះស្រាយជាបណ្ដើរៗ។

ដោយឡែកបញ្ហាដែលនៅប្រឈមខ្លាំងជាងគេដែលត្រូវបាន លេខាធិការដ្ឋាន គ.ជ.អ.ប គោរពស្នើសុំគោលការណ៍ដឹកនាំពី សម្ដេច និងពីកិច្ចប្រជុំលើកទី១៨នា ថ្ងៃនេះ មានពីរ គឺបញ្ហាពាក់ព័ន្ធនឹងការងារបុគ្គលិក និងបញ្ហាពាក់ព័ន្ធនឹងការងារផ្ទេរថវិកា។

នៅក្នុងរបាយការណ៍ដាក់ជូនអង្គប្រជុំនេះដែរ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក៏បានដាក់ចេញនូវផែន ការបន្ទាន់មួយចំ នួនជូនអង្គប្រជុំពិនិត្យ និងសម្រេចដែរ៕

To Top