ព័ត៌មានជាតិ

ក្រុមហ៊ុនVisa ចាប់ដៃគូ ជាមួយផ្សារទំនើប AEON និង AEON MaxValu ដាក់ឲ្យប្រើប្រាស់ការ ទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless

ភ្នំពេញ ៖ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថល ឈានមុខគេ នៅក្នុងពិភពលោក បានប្រកាសពីវិធីទូទាត់ ដែលរហ័ស និងមានភាពងាយស្រួល ជាងមុនសម្រាប់ ប្រជាជនកម្ពុជា ជាមួយនឹងការចាប់ផ្តើម ដាក់ឲ្យប្រើប្រាស់ការទូទាត់ ជាមួយ Visa កាត តាមរយៈ
បច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON និង AEON MaxValu ក្នុងប្រទេសកម្ពុជាជាមួយ នឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អតិថិជនអាចទូទាត់ថ្លៃទំនិញ នៅកន្លែងគិតប្រាក់ ដោយគ្រាន់តែយកកាត ទៅប៉ះជាមួយម៉ាស៊ីន ឆូតកាតរួច ជាការស្រេច ដោយមិនចាំបាច់ ប្រើវិធី “ស៊ក ឬ ឆូត” ដូចមុននោះឡើយ ។

ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ ផ្តល់ជូនអតិថិជន នូវមធ្យោបាយលឿនជាងមុន ក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញ របស់ពួកគាត់នៅផ្សារទំនើប AEON និង AEON MaxValu ហើយជាមួយ នឹងគុណសម្បត្តិមួយ ក្នុងចំណោមគុណសម្បត្តិធំៗ នៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់ នឹងដៃជានិច្ចក្នុង ពេលប្រតិបត្តិការ វាពិតជាមាន សុវត្ថិភាពបំផុត ក្នុងការអនុវត្តគម្លាតសង្គម ។ ក្រុមហ៊ុនក៏នឹងចាប់ផ្តើម ដាក់ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នេះនៅតាមសាខាផ្សារ ទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេសផងដែរ ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានសហការ ជាមួយក្រុមហ៊ុន AEON ដើម្បីដាក់ឲ្យដំណើរ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមបណ្តាផ្សារទំនើបទាំងអស់ របស់ផ្សារទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នេះមិនត្រឹមតែធ្វើឱ្យប្រតិបត្តិការ ទូទាត់កាន់តែងាយស្រួល សម្រាប់អ្នកទិញ និងអ្នកលក់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែកាតស្ថិតនៅក្នុងដៃ របស់ម្ចាស់កាត វាក៏ផ្តល់នូវសុវត្ថិភាពដល់ភាគីទាំងសងខាងផងដែរ ព្រោះវាកាត់បន្ថយ ការប៉ះពាល់ដោយផ្ទាល់។ យើងសង្ឃឹមថា ការសហការជាមួយផ្សារទំនើប AEON និង AEON MaxValu នឹងជួយជម្រុញវិស័យការ ទូទាត់តាមរយៈបច្ចេកវិទ្យា Contactless និងការទូទាត់ តាមរយៈអេឡិចត្រូនិក ឲ្យកាន់តែទូលំទូលាយ នៅក្នុងប្រទេស កម្ពុជា» ។

ចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ ម្ចាស់ Visa កាត ដែលប្រើការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON ដែលចំណាយចាប់ពី ២០ដុល្លារ ឡើងទៅ នឹងទទួលបានប័ណ្ណទឹកប្រាក់ ៣ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ។
សូមសាកសួរព័ត៌មានលម្អិត នៅតាមទីតាំងរបស់ AEON នីមួយៗដែលមានការផ្សព្វផ្សាយ ពីកម្មវិធីពិសេសនេះ ។ លោក ស៊ិន ពិសី ជា Director របស់ក្រុមហ៊ុន AEON បានមានប្រសាសន៍ថា ៖ « នៅផ្សារទំនើប AEON និង AEON MaxValu យើងផ្តោតការយកចិត្ត ទុកដាក់លើការផ្តល់ជូនអតិថិជន របស់យើងនូវបទពិសោធន៍ ដ៏អស្ចារ្យសម្រាប់ការដើរផ្សារ របស់ពួកគេ ហើយការផ្តល់ជូនអតិថិជន នូវការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless គឺស្របតាមគោលនយោបាយ របស់យើងផងដែរ ។ ប្រសិនបើយើងមើល តាមស្ថានការណ៍បច្ចុប្បន្ន ឃើញថាការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless គឺជាមធ្យោបាយដ៏ល្អមួយ ដែលអាចជួយធានា ដល់អតិថិជនរបស់យើង ទទួលបាននូវសុវត្ថិភាព ខណៈដែលពួកគេ នៅតែអាចរីករាយ ក្នុងការទិញទំនិញ» ។

ទោះបីសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ក៏កំពុងទទួលបានការចាប់ អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា មួយចុងក្រោយរបស់ Visa អំពីឥរិយាបថក្នុងការទូទាត់ប្រាក់ របស់អតិថិជនតាមរយៈការស្ទង់មតិ៤នាក់ ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ ការប្រើប្រាស់ការទូទាត់ដោយមិន ប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេលអនាគត ។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់ កាតដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការ ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless ។

ក្នុងខណៈដែលមានការ កាត់បន្ថយទំនាក់ទំនងរវាងបុគ្គល ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ទទួលបាននូវការទាក់ទាញយ៉ាងខ្លាំង នាពេលថ្មីៗនេះនៅជុំវិញ ពិភពលោក ដោយរដ្ឋាភិបាល និង អាជីវករ កំពុងតែស្វែងរកមធ្យោបាយ ដើម្បីបន្តធ្វើពាណិជ្ជកម្ម ។ តាមរយៈរបាយការណ៍ការ ធ្វើប្រតិបត្តិការទូទាត់របស់ Visa កាត នៅឆ្នាំ ២០១៩2 នៅអាស៊ីប៉ាស៊ីហ្វិកបច្ចេកវិទ្យា Contactless បានក្លាយជាមធ្យោបាយសាមញ្ញ សម្រាប់ការទូទាត់រួចទៅហើយ សម្រាប់ការបញ្ជាទិញ ទំនិញដោយផ្ទាល់ពីអតិថិជន៕

To Top