ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី ម៉ែន សំអន អញ្ជើញប្រគេនទៀនវស្សា ដល់ព្រះសង្ឃចំនួន ១៦វត្ត នៅស្រុកស្វាយជ្រំ

ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា – ព្រឹទ្ធសភា និង អធិការកិច្ចបាននាំទៀន ព្រះវស្សានិង ទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ ចាំព្រះវស្សា រអស់ត្រីមាស ចំនួន១៦វត្ត នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ពិធីប្រគេនទៀនវស្សា និងទេយ្យវត្ថុព្រមទាំងថវិការមួយ ចំនួននេះ ដល់វត្ត១៦ នៃស្រុកស្វាយជ្រំ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងវត្តស្វាយប្រហួត ឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ដែលមានការចូល ពីអ្នកតំណាងរាស្ត្រ ខេត្តស្វាយរៀង ក្រុមការងារ អាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃ ឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគផងដែរ ។ លោកស្រីបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរ ត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។

លោកស្រី បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ។

ទៀនព្រះវស្សា ទេយ្យវត្ថុនិងថវិការ របស់ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងក្រុមការងារបានប្រគេន១៦វត្ត នៃស្រុកស្វាយជ្រំ និងម៉ាស់២០០០០ម៉ាស់ សម្រាប់ព្រះសង្ឃ និងអាជ្ញាធរប្រើប្រាស់ ដើម្បីបង្ការនិងទប់ស្កាត់ជំង្ងឺកូវីដ១៩ ៕

To Top