ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ការពារជំងឺឆ្លងកូវីដ19

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋបន្ត ថែរក្សាខ្លួន ការពារជំងឺឆ្លងកូវីដ១៩ ខណៈពិភពលោកមិនទាន់ រកថ្នាំវ៉ាក់សាំងឃើញ ហើយជំងឺនេះនៅតែបន្តឆ្លង ពីមនុស្សម្នាក់ ទៅម្នាក់ទៀត នៅឡើយ ។

លោកអភិបាលខេត្ត បានថ្លែងអំពាវនាវដូច្នេះ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ ខណៈក្នុងនាម អាជ្ញាធរខេត្តកំពង់ចាម នាំទៀនវស្សា មានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចំនួន ៤ វត្ត ស្ថិតនៅវត្តថ្មី ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងថា នៅក្នុងពិភពលោកបច្ចុប្បន្ន បញ្ហាជំងឺកូវីដ១៩ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញ ជារៀងរាល់ថ្ងៃ ចំណែកថ្នាំវ៉ាក់សាំងចាក់ការពារ ជំងឺនេះនៅមិនទាន់ រកឃើញពិតប្រាកដទេ ។ ហេតុដូច្នេះហើយ ចំពោះជំងឺកូវីដ១៩ នេះយើង ត្រូវតែបន្តការពារ មិនអាចធ្វេសប្រហែសបានទេ ដោយត្រូវថែរក្សាសុខភាព អនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះអ្នកដំណើរ ដែលបានឆ្លងកាត់ ត្រូវបានត្រួតពិនិត្យសុខភាព នឹងដាក់នៅដោយឡែក ហើយប្រសិនបើរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ១៩​ ត្រូវយកគាត់ទៅព្យាបាល ធ្វើដូច្នេះដើម្បីការពារ កុំឱ្យជំងឺកូវីដ១៩ នេះ កើតមានរលកលើកទី២ នៅតាមបណ្ដាសហគមន៍ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកក្នុងខេត្តកំពង់ចាម ត្រូវបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៦នាក់ ។ ប៉ុន្តែត្រូវបានព្យាបាល​ ជាសះស្បើយរួចរាល់អស់ហើយ ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងខេត្តកំពង់ចាម មិនមានអ្នកផ្ទុក ជំងឺកូវីដ១៩ ទៀតទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកអភិបាលខេត្តនៅតែបន្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្ន ចេះថែរក្សាសុខភាពរបស់ខ្លួន ដើម្បីជៀសផុត ពីការឆ្លងរាលដាល​ នៃជំងឺកូវីដ១៩ នៃរលកទី២៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top