ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ រចនាសម្ព័ន្ធផ្លូវក្នុង ក្រុងសៀមរាប ដល់ពេលត្រូវសិក្សា រៀបចំផែនការ មេ ដើម្បីលើកស្ទួយ មុខមាត់ប្រទេសជាតិ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលត្រូវសិក្សា រៀបចំផែនការមេ ដើម្បី ធ្វើការជួសជុស និងកែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឲ្យសាកសម ជាទីក្រុងទេសចរណ៍ ជាពិសេស លើកស្ទួយមុខមាត់ ប្រទេសជាតិ ផងដែរ។

សូជម្រាបថា គម្រោងខ្សែផ្លូវមេ ចំនួន៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ២គន្លង មានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ លាតសន្ធឹង ក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុក បាគង ដែលស្ថិតក្នុងគម្រោង អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។

ក្នុងជំនួបពិភាក្សាការជាមួយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធ នឹងការសិក្សាគម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២០២ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា « ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សា រៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អ ឡើងវិញ ដូចក្រុងព្រះសីហនុ ឲ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរអន្តរជាតិ»។

លោក គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ ។លោកថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយ របស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ច បាត់ដំបង-សៀមរាប។

នាឱកាសនោះ រដ្ឋមន្ដ្រីសាធារណការ រៀបរាប់ថា គម្រោងដែលក្រសួងកំពុងជួសជុល កែលម្អ ឡើងវិញ គម្រោងផ្លូវវាងក្រុង រួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គីឡូម៉ែត្រ បំបែក ពីផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រ ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គីឡូម៉ែត្រ ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គីឡូម៉ែត្រ បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F និងគម្រោងផ្លូវវាងខាងត្បូង ក្រុងសៀមរាប មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គីឡូម៉ែត្រ២៩១ ដល់គីឡូម៉ែត្រ ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។

ឆ្លៀតឱកាសនោះ លោក ទៀ សីហា បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែនេះ ដែលបានសិក្សានេះ គឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។

លោកបន្ដថា ការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

សូមបញ្ជាក់ថា គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំ បណ្ដាញផ្លូវមេ យ៉ាងប្រទាក់ក្រឡា ក្នុងក្រុងសៀមរាប នឹងជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលា ក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញ គ្រប់ ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌ ភាព ទីក្រុងសៀមរាប ឲ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា៕ ដោយ អេង ប៊ូ ឆេង

To Top