ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម រកឃើញគ្រួសារក្រីក្រ ប្រភេទ១ប្រភេទ ២ ប្រមាណជា៤ ម៉ឺនគ្រួសារ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឆ្លងកាត់តាមការជំរឿន រកប្រជាពលរដ្ឋ ដែលមានជីវភាពធ្លាក់ចុះ ក្នុងសម័យកើតជំងឺកូវីដ19 នេះ បានបង្ហាញថា មានប្រជាពលរដ្ឋ ប្រមាណជា៤ម៉ឺនគ្រួសារ ដែលបានធ្លាក់ចូល ក្នុងស្ថានភាពក្រីក្រកម្រិត ១និងកម្រិត ២ ដែលត្រូវជួយដល់ពួកគាត់ ឲ្យមានលំនឹងជីវភាព ។

លោកអភិបាលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខណៈដែលលោក ចុះពិនិត្យ មន្ត្រីអាជ្ញាធរចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ ៤៩៦ គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះជំរឿន រកប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនេះ លោកបានចាត់ឲ្យអាជ្ញាធរមូលដ្ឋាន ចុះធ្វើការដោយផ្ទាល់ជាមួយ នឹងមន្ត្រីនៃមន្ទីរសង្គមកិច្ច និងមន្ទីរផែនការ ពោលគឺបានស្រង់នៅទិន្នន័យទាំងនេះ ដោយភាពសុក្រឹត ដោយឆ្លងកាត់ការសម្ភាសន៍ ជាមួយគ្រួសារនោះផ្ទាល់ និងមានការដឹងឮ ពីអ្នកជិតខាងផងដែរ ។ ជាងនេះទៅទៀត លោកបានចាត់អភិបាលរងខេត្ត ចុះត្រួតពិនិត្យលើកិច្ចការនេះ បន្ថែមទៀត ដើម្បីឱ្យប្រាកដថា គ្រួសារនៅក្នុងទិន្នន័យនោះ មានជីវភាពក្រីក្រពិតប្រាកដមែន ។

លោកអភិបាល ខេត្តបានថ្លែងបន្តថា គិតមកដល់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ អាជ្ញាធរខេត្តបានធ្វើការផ្ដល់ប្រាក់ ឧបត្ថម្ភជូនគ្រួសារក្រីក្របាន ២៥.០០០ គ្រួសារ ដែលគិតជាថវិកាអស់ប្រមាណជា ជាង ៤ ពាន់លានរៀល ។

លោកអភិបាលខេត្តបន្តទៀតថា ក្នុងយន្តការ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ19 នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋមានការគាំទ្រ និងសាទរចំពោះ ថ្នាក់ដឹកនាំខេត្ត ជាពិសេសចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលលោក ជានិច្ចកាលតែងតែ យកចិត្តទុកដាក់ គិតគូរអំពីសុខនិងទុក្ខ របស់ប្រជាពលរដ្ឋ មិនដែលធ្វេសប្រហែសឡើយ ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋ លោកក៏បានយល់ច្បាស់ថា នេះគឺជាយន្តការលើកកម្ពស់សុខមាលភាពសង្គម ពោលគឺ ជួយពួកគាត់បានមួយគ្រា ក្នុងពេលមានអាសន្នប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់មានលំនឹងជីវភាពក្នុងរយៈពេលខ្លី មិនមែនជាការជួយចិញ្ចឹមពួកគាត់ ក្នុងរយៈពេលវែងណាមួយនោះទេ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កិច្ចការជំរឿនរកប្រជាពលរដ្ឋ ដែលមានជីវភាពធ្លាក់ចុះ អាជ្ញាធរខេត្តកំពង់ចាម នៅបន្តធ្វើទៅមុខទៀត ទៅតាមផែនការ ២ ដំណាក់កាល គឺដំណាក់កាលទី ១ ធ្វើបច្ចុប្បន្នភាពនៅតាមទីជនបទដាច់ស្រ យាល និងដំណាក់កាលទី ២ ធ្វើនៅទីប្រជុំជន ៕

To Top