ព័ត៌មានជាតិ

Update ៖ នាយករដ្ឋមន្រ្តី បញ្ជារដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះសិក្សាបូមយកទឹកទន្លេ មកបម្រើឲ្យការចិញ្ចឹមត្រី

ភ្នំពេញ ៖ ដើម្បីដោះស្រាយ កង្វល់ខ្វះខាតទឹក សម្រាប់ចិញ្ចឹមត្រី និងកង្កែបជាដើមនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ចុះទៅសិក្សា បង្កប់ទុយោបូមយកទឹកទន្លេ ជំនួសឲ្យការប្រើប្រាស់ទឹកក្រោមដី មកបម្រើឲ្យការចិញ្ចឹមត្រី របស់ប្រជាកសិករនៅក្នុងខេត្តព្រៃវែង។

ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “ឯកឧត្តមលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ទៅសាកល្បងកប់ទុយោ ហើយបូមពីទន្លេបញ្ចូល ។ ខ្ញុំនឹងឲ្យទៅសិក្សាអំពីថា យើងបូមទឹកពីទន្លេកប់ទុយោ រួចហើយយើងអាចបែងខ្នែង ទៅតាមស្រះនានា ដើម្បីជាតំបន់សាកល្បងមួយ អំពីការផ្គត់ផ្គង់ទឹកធម្មជាតិ ដែលយកពីទន្លេជំនួសឲ្យ ទឹកដែលបូមពីអណ្ដូងក្រោមដី” ។

បន្ថែមពីលើនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសទម្លាក់ថវិកាប្រមាណ៥០ម៉ឺនដុល្លារ អាមេរិកបន្ថែមទៀត ដើម្បីគាំទ្រមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី។
បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នមានកសិករចិញ្ចឹមត្រី ប្រមាណ ៤ម៉ឺន ៦ពាន់គ្រួសារ ហើយសម្តេច ចង់ពង្រីកឱ្យបានដល់ ១០ម៉ឺនគ្រួសារ ដើម្បីបង្កើនការចិញ្ចឹមត្រី ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ ក្នុងន័យនេះ សម្តេចតេជោ បានជំរុញឱ្យក្រសួងកសិកម្មនិងស្ថាប័ន ពាក់ព័ន្ធត្រូវខិតខំជំរុញលើការពង្រីក ចំនួនកសិករចិញ្ចឹមត្រីនេះ ហើយសម្តេចតេជោ បានប្រកាសនឹងបន្ថែមថវិកាវិនិយោគបន្ថែមទៀត លើការចិញ្ចឹមត្រីនេះ ប្រសិនបើមានតម្រូវការបន្ថែម ។

ជាមួយគ្នានោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរក្សាស្បៃមុង ដែលចាប់យកពីជនល្មើស ដើម្បីរក្សាទុក សម្រាប់ផ្តល់ជូនកសិករចិញ្ចឹមត្រី ដើម្បីឲ្យពួកគាត់ប្រើប្រាស់ នៅរដូវទឹកឡើង ដើម្បីការពារត្រីរបស់ពួកគាត់ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កន្លងមក សមត្ថកិច្ចជំនាញ បានបង្ក្រាប និងរឹបអូសស្បៃមុងបានជាច្រើនពីជនល្មើសដែលប្រព្រឹត្តបទល្មើសជលផល ហើយស្បៃមុងទាំងនោះ ត្រូវបានដុតបំផ្លាញចោល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ការទម្លាក់លុយវិនិយោគលើការចិញ្ចឹមត្រីក្នុងស្រុកនេះ ជាការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ក៏បានជំរុញឱ្យពលរដ្ឋ ដែលត្រលប់មកពីប្រទេសថៃ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ១៩ អាចងាកមកចាប់មុខរបរចិញ្ចឹមត្រី ដោយរដ្ឋ នឹងផ្តល់នូវកូនត្រី រួមនឹងជួយបណ្តុះបណ្តាល បច្ចេកទេសចិញ្ចឹមត្រីបន្ថែមផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនឯកភាព ចំពោះសំណើសុំនាំចូលជ្រូក ពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឡើយ ព្រោះសម្តេចចង់ជំរុញឱ្យមានការបង្កើន ការចិញ្ចឹមក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបើអាចឈានទៅដល់ការនាំចេញ តែម្តងដែលមានផលចំណេញ ច្រើនជាងការនាំចូលពីប្រទេសថៃ។
សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចឯកភាពឱ្យមានការនំាចូល ហាក់បីដូចជាសម្លាប់កសិករចិញ្ចឹមសត្វជ្រូកក្នុងស្រុក ។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងមួយឆ្នាំ កម្ពុជា មានតម្រូវការសាច់ប្រមាណ ២៩ម៉ឺនតោន ខណៈកម្ពុជា អាចផ្គត់ផ្គង់សាច់ ដោយខ្លួនបានត្រឹម ២៣ម៉ឺន ៩ពានតោនប៉ុណ្ណោះ គឺប្រមាណ៨២ភាគរយ នៅខ្វះប្រមាណ ១២ភាគរយទៀត ។ ដូចនេះសម្តេចតេជោ ជំរុញឱ្យកសិករបង្កើនការចិញ្ចឹមសត្វ ក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ៕

To Top