ភ្នំពេញ ៖ ដោយមើលឃើញពីភាពចាំបាច់ និងកង្វះខាតទឹកស្អាតប្រើប្រាស់ លោកស្រី ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បានចាត់អោយក្រុមការងារធ្វើអណ្តូងថែម ជូនចំនួន៥បន្ថែម ទៅដល់ប្រជាពលរដ្ឋរស់នៅ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលរហូតមកដល់ថ្ងៃទី២៧ ខែកក្កដា២០២០ អណ្តូងថ្មីចំនួន៥នេះ បានសម្ភោធដាក់អោយប្រើប្រាស់ ជាផ្លូវការហើយ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ។
លោកស្រីប្រធានមូលនិធិ បានអោយដឹងថា អណ្តូងទាំង៥នេះ ជាអំណោយរបស់អ្នកឧកញ៉ា ព្រឹទ្ឋមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧបាសក លីន គ្រី ដែលត្រូវជាឪពុកម្តាយបង្កើត របស់សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកមានសទ្ធាជ្រះថ្លា កាលពេលលោកទាំងពីរ នៅមានជីវិត គឺលោកចូលចិត្តធ្វើបុណ្យដាក់ទាន ទៅដល់ប្រជាពលរដ្ឋ នៅតាមទីជនបទ ពិសេសគឺការផ្តល់អណ្តូងទឹកស្អាតនេះឯង ។ ដូច្នេះមុនពេលដែលលោកចែកឋានទៅ បានផ្តាំផ្ញើកូនចៅ អោយធ្វើជូនប្រជាពលរដ្ឋណា ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅទូទាំងប្រទេស។
ប្រជាពលរដ្ឋដែលធ្លាប់តែ អាស្រ័យជាមួយនឹងទឹកត្រពាំង បឹងបួរ នៅតំបន់នេះបានឱ្យដឹងថា កន្លងមកពួកគាត់ មានការលំបាកខ្លាំងណាស់ពីបញ្ហាទឹក សំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ដោយមានពេលខ្លះត្រូវបង្ខំចិត្ត ផឹកទឹកដែលមិនមានអនាម័យ ទឹកដែលហូរច្រោះពីការបាញ់ថ្នាំរបស់កសិករ ហូរចូលទៅក្នុងដងអូរ រឺបឹង ដែលតែងតែធ្វើអោយសុខភាពរបស់ពួកគាត់មិនសូវល្អ។ តែនៅពេលនេះពួកគាត់បានសំដែង នូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះមានអណ្តូទឹកស្អាតប្រើប្រាស់នៅជិតផ្ទះ។
លោកស្រីប្រធានមូលនិធិ បានផ្តាំផ្ញើ ទៅដល់ប្រជាពរដ្ឋ ដែលអាស្រ័យផលនៃទឹកអណ្តូងទាំងនេះ សូមជួយថែរក្សាអណ្តូងទាំងនេះ អោយបានល្អ និងសូមអោយបងប្អូនពិសាទឹក ត្រូវដាំអោយបានឆ្អិនល្អ អ្វីដែលពិសេសនោះ គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះជម្ងឺកូវីដ-១៩ ដែលកំពុងតែមានការរាតត្បាត ពាសពេញពិភពលោក ត្រូវធ្វើអនាម័យខ្លួនប្រាណអោយបានល្អ លាងដៃជាមួយសាប៊ូ អោយបានញឹកញ៉ាប់ តាមការណែនាំក្រសួងសុខាភិបាល។
សូមជម្រាបផងដែរថា នៅក្នុងឱកាសនោះ លោកស្រីបានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មកពិនិត្យពិគ្រោះជម្ងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

















