ព័ត៌មានជាតិ

ស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងទទួលបញ្ចាំ ម៉ូតូអត់ច្បាប់ ក្នុងស្រុកខ្សាច់កណ្ដាល

កណ្តាល ៖ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដោយមានការសម្របសម្រួល នីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល បានធ្វើការបង្ក្រាបទីតាំង ទទួលបញ្ចាំម៉ូតូគ្មានច្បាប់ អនុញ្ញាតមួយកន្លែង និងរឹបអូសម៉ូតូចំនួន ២៤គ្រឿង។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និង ប្រពន្ធឈ្មោះ វ៉ា ថារី ភេទ ស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ផ្ទាំងពាណិជ្ជកម្ម

លោកស្នងការបន្តថា បន្ទាប់ពីទទួលបានព័ត៍មាន ពីទីតាំងបញ្ចាំម៉ូតូមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិឃុំកើតហេតុ ភ្លាមៗនោះលោក ក៏បាន ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំង នគរបាលស្រុកខ្សាច់កណ្ដាល និងមានការ សម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញា រងអមសាលាដំបូខេត្ត បើកប្រតិបត្តិការ បង្ក្រាបផ្ទះជនសង្ស័យ រួចឆែកឆេររកឃើញម៉ូតូ២៤គ្រឿង ។

ម៉ូតូទាំងនោះ ពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ ជាម្ចាស់ទីតាំង រួមទាំងវត្ថុតាង រួចបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធីច្បាប់៕

ដោយ អេង ប៊ូឆេង

To Top