ព័ត៌មានជាតិ

សត្វឆ្កែ១៥ក្បាល ត្រូវបានជួយសង្រ្គោះ និងបានបិទទីតាំង សម្លាប់សត្វឆ្កែមួយចំនួន

ភ្នំពេញ៖ ដើម្បីចូលរួមលុបបំបាត់ ការសម្លាប់ជីវិតឆ្កែនៅកម្ពុជា និងបន្ទាប់បិទទីតាំងសម្លាប់សត្វឆ្កែ និងលក់សាច់នៅខេត្តសៀមរាប អង្គការសង្គ្រោះសត្វឆ្កែ បានចុះបិទកន្លែងសំលាប់សត្វឆ្កែ នៅខេត្តកំពង់ធំ និងជួយ សង្គ្រោះសត្វទាំង១៥ក្បាល នៅនឹងកន្លែង។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ជាពេទ្យសត្វ និងជាប្រធានផ្នែក ថែរក្សាសត្វអនាថា បានថ្លែងថា កាលពី ថ្ងៃទី៥ សីហាអង្គការ Four Paws បានចុះបិទទីតាំងសម្លាប់សត្វឆ្កែ នៅខេត្តកំពង់ធំ។ លោកស្រីថា នៅអាស៊ីអាគ្នេយ៍ ការបិទបានកើតឡើង បន្ទាប់ពីមានការហាម ឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់ នៅខេត្តសៀមរាប។ សត្វឆ្កែ ប្រមាណ៣លានក្បាល ដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹម ដែលត្រូវបានគេលួចសម្លាប់ យកសាច់នៅកម្ពុជាជារៀងរាល់ឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិតថា អង្គការ FOUR PAWS កំពុងអំពាវនាវ ឲ្យមានការហាមឃាត់ជាដាច់ខាត ក្នុងការជួញដូរសាច់ឆ្កែនិងឆ្មា យ៉ាងសាហាវនៅទូទាំងកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ ដោយសារការគំរាមកំហែង ដល់សុខុមាលភាពសត្វ និងសុខភាពសាធារណៈ។

លោកស្រីថា ទីសត្តឃាតទើបតែបិទទ្វារនេះ បានសម្លាប់សត្វឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំដែល ភាគច្រើន ត្រូវបានគេជួញដូរពីខេត្តសៀមរាប និងបម្រើការជាអ្នក ផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់។ ដោយសារទីតាំងយុទ្ធសាស្ត្ររវាងខេត្តសៀមរាប និងភ្នំពេញ ការបិទទីសត្តឃាតនេះ នឹងជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ សាច់ឆ្កែចូលខេត្ត ដែលនៅជិតគ្នានិងរាជធានី ហេតុដូច្នេះហើយ មានប្រសិទ្ធភាពខ្ពស់។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ បានបញ្ជាក់ថា “ វាមានសន្ទុះមិនគួរឲ្យជឿ នៅពាសពេញប្រទេសកម្ពុជា ក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែ ហើយយើងមានអារម្មណ៍ធូរស្បើយ នៅពេលឃើញកន្លែងនេះត្រូវបាន បិទ។ យើងមិនត្រឹមតែបាន ផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែ ដែលត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្កែរាប់ម៉ឺនក្បាលទៀត ដែលនឹងត្រូវរួចផុតពីសេចក្តី ស្លាប់ដ៏គួរឲ្យរន្ធត់ផងដែរ។ យើងក៏អាចធ្វើការ ដោយជោគជ័យ ជាមួយម្ចាស់ទីតាំង ដែលគាត់មិនចង់ចូលរួម ក្នុងជួញដូរនេះទៀតទេ ប៉ុន្តែការងារនេះ មិនបញ្ចប់ដោយការបិទនោះទេ។
ប៉ុន្មានសប្តាហ៍ ទៅប៉ុន្មានខែខាងមុខនេះ គឺមានសារសំខាន់ ក្នុងការផ្តល់ការព្យាបាលជាបន្ត ដល់សត្វឆ្កែដែលបានជួយសង្គ្រោះ បន្ថែមពីលើសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដែលត្រូវការដើម្បីជួឲ្យពួកគេ ងើបផុតពីបទពិសោធន៍ ដ៏ឈឺចាប់នេះ”។

លោកស្រីថា នៅកម្ពុជាសត្វឆ្កែភាគច្រើន ត្រូវបានសម្លាប់ដោយពន្លិចក្នុងរណ្តៅ ព្យួរក ឬចាក់ក។

យោងតាមការស្រាវជ្រាវ របស់អង្គការ FOUR PAWS សត្វឆ្កែនៅរស់មានតម្លៃ ចាប់យកពី២ដុល្លារ ទៅ ៣ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈសាច់ឆៅ១គីឡូត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៤ ដុល្លារ។ សាច់ឆ្កែមួយចាន មានតម្លៃតិចជាងមួយដុល្លារ។ នៅក្នុងរាជធានី ភ្នំពេញតែឯង មានភោជនីយដ្ឋានសាច់ឆ្កែជាង១១០ កន្លែង។ អ្នកបរិភោគ ភាគច្រើនជាបុរស ដែលពួកមានទំនោរ ក្នុងការញាំសាច់ឆ្កែ ជាអាហារសម្រន់ជាមួយ មិត្តភក្តិអមដោយគ្រឿងស្រវឹង។ ស្ត្រីដែលបរិភោគ សាច់ឆ្កែផ្ទុយទៅវិញ មានទំនោរញាំសាច់ឆ្កែនៅផ្ទះ និងដោយសារតែគេជឿថា ជាថ្នាំព្យាបាលជំងឺ។

ចំណែកលោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោង នៃយុទ្ធនាការការ បញ្ចប់ការជួញដូរសត្វឆ្កែនិងឆ្មា បាននិយាយថា “តាមរយៈការងារ និងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយអាជ្ញាធរសហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធផ្នែកទេស ចរណ៍ គោលដៅរបស់អង្គការ គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ណែនាំពង្រឹង និងអនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសំលាប់ និងបរិភោគសាច់ឆ្កែនិងឆ្មា”៕ ដោយ៖ ស សំណាង

To Top