ព័ត៌មានជាតិ

ប្រធានកិត្តិយស សមាគមនារីកម្ពុជា ខេត្តកំពង់ចាម នាំអំណោយផ្ដល់ ជូនពលរដ្ឋក្រីក្រ ៦គ្រួសារ នៅស្រុកស្ទឹងត្រង់

កំពង់ចាម ៖ លោក ស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ នេះ បានដឹកនាំក្រុមការងារ យកអំណោយ ផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ០៦ គ្រួសារនៅ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រោយពីទទួល បានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានភ្លាម លោកស្រី រួមនឹងក្រុមការងារ បានមូលមតិគ្នា រៀបចំជាអំណោយ ដើម្បីនាំមកផ្ដល់ជូនដល់បងប្អូន ប្រជាពលរដ្ឋយើងទាំង០៦ គ្រួសារ ដែលជួបប្រទះការខ្វះខាតជីវភាព ដើម្បីដោះទាល់បានមួយគ្រា ។

សូមបញ្ជាក់ថា អំណោយ ដែលត្រូវផ្ដល់ជូនដល់ពលរដ្ឋទាំង ០៦ គ្រួសារ នាពេលនោះ ក្នុងមួយគ្រួសារទទួលបានថវិកា ៤០ ម៉ឺនរៀល ក្នុងនោះថវិកាសមាគមនារី ២០ម៉ឺនរៀល និងថវិការបស់លោកស្រីញូង ចរិយា អ៊ុន ចាន់ដា ចំនួន ២០ ម៉ឺនរៀល រួមជាមួយនិងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។

លោកស្រី ញូង ចរិយា បានឲ្យដឹងទៀតថា អំណោយខាងលើ ថ្វីដ្បិតតែមានចំនួនមិនច្រើន ក៏ប៉ុន្តែអំណោយទាំងនោះ គឺបានឆ្លុះបញ្ចាំងអំពីទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសការយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែគិតគូ ដល់សុខ និងទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនដែលគិតអំពីនិន្នាការ នយោបាយឡើយ ។

ជាមួយគ្នានោះដែរលោកស្រី ញូង ចរិយា បានមានប្រសាសន៍ ផ្តាំផ្ញើទៅដល់មន្ត្រីអាជ្ញាធរ សូមឲ្យយកចិត្តទុកដាក់ពិនិត្យមើល ដល់គ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយប្រសិនបើមើលឃើញថា ពួកគាត់ជួបប្រទះនូវជីវភាព ខ្វះខាតពិតប្រាកដមែន សូមប្រញាប់ផ្ដល់ដំណឹងជាបន្ទាន់ មកអាជ្ញាធរខេត្ត ដើម្បីចុះជួយពួកគាត់ បានទាន់ពេលវេលាផងដែរ ។

To Top