ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងសុខាភិបាល បញ្ជាក់ថា ពិតជាមានករណី លាប់ជំងឺកូវីដ១៩ ឡើងវិញ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានបញ្ជាក់ថា ពិតជាមានករណីបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ លាប់ជំងឺកូវីដ១៩ឡើងវិញ ដូចអ្វីដែលប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានរាយការណ៍ ។

លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានលើកឡើងបែបនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា មានករណីលាប់ជំងឺកូវីដ១៩ម្នាក់ នៅក្នុងខេត្តត្បូងឃ្មុំ និងបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ មនុស្សជាង៤០នាក់ ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១១សីហានេះថា «ករណីនៅខេត្តត្បូងឃ្មុំនេះ គឺជាករណីលាប់ពិតប្រាកដមែន ដូចលោកប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានរាយការណ៍រួចហើយ ខ្ញុំមិនបាច់ចាំរំលឹក ឡើងវិញទេ»។

សូរំលឹកថាគិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់ ។ ដោយឡែកអ្នកកំពុងសម្រាក ព្យាបាលមានចំនួន ៤៦នាក់៕

To Top
×