ព័ត៌មានជាតិ

សម្ដេច ស ខេង ព្រួយបារម្ភបញ្ហា គ្រឿងញៀន ចូលដល់សហគមន៍ ខណៈជំងឺកូវីដ១៩ មិនទាន់ចូលដល់ សហគមន៍ឡើយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានការព្រួយបារម្ភបញ្ហាគ្រឿងញៀន ចូលទៅដល់ក្នុងសហគមន៍ ខណៈជំងឺកូវីដ១៩ មិនទាន់រីករាលដាល ដល់សហគមន៍ឡើយ ។ ឆ្លើយតបបញ្ហានេះ សម្ដេចណែនាំឲ្យអាជ្ញាធរ តាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយ អំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន និងផ្សព្វផ្សាយ អំពីការការពារជំងឺកូវីដ១៩ ។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្ពុជាមកដល់ពេលនេះ មានជំងឺកូវីដ១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅ ហើយចំណុចសំខាន់មិនមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ ហើយព្យាបាលបានទៀត» ។

សម្ដេចក្រឡាហោមបន្ដថា ជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជនបទឡើយ ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះជំងឺនេះគ្រប់ពេលវេលា។ សម្ដេចបន្ថែមថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលដែនដី ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួន បានរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមទប់ស្កាត់ជំងឺ កូវីដ១៩ ។ ទោះបីយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនទាន់ធូរស្រាល នៅឡើយត្រូវបន្ដទប់ស្កាត់បន្ថែមទៀត ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្ជ្រាប ដល់ជនបទហើយ ។ ខ្ញុំបានពិនិត្យរបាយការណ៍ប្រចាំថ្ងៃរបស់ ខេត្តទាំងអស់ គឺខ្ញុំកត់សម្គាល់បញ្ហាទាំងប៉ុន្មានហ្នឹងទេ ជាពិសេស បញ្ហាគ្រឿង បញ្ហាចរាចរណ៍»។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀនរាលដាលក្នុងសហគមន៍កាន់តែខ្លាំង នាំឲ្យពិបាកធ្វើទប់ស្កាត់។

សម្ដេចថា នាពេលកន្លងមក អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើយ៉ាងច្រើន ផងដែរ។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នៅពេលមិនទាន់រឹតបន្ដឹងច្បាប់ចរាចរណ៍ មានអ្នកស្លាប់ក្នុងមួយថ្ងៃចាប់ពី ៦នាក់ ទៅ៧នាក់ ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍មានស្លាប់ក្នុងមួយថ្ងៃ ២-៣-៤នាក់។សម្ដេចបន្ថែមថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ មិនអាចលុបបំបាច់ មិនឲ្យមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១០០% បានឡើយ៕ដោយ ៖ អេង ប៊ូឆេង

To Top
×