ព័ត៌មានជាតិ

អភិបាលរាជធានី អញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវថ្មី​ ១ខ្សែ ពីផ្លូវបត់ផ្សារអ៊ីអនម៉ល សែនសុខ ដល់មហាវិថីឈ្នះ ឈ្នះ

ភ្នំពេញ៖ ការដ្ឋានស្ថាបនា​ មហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស្របប្រឡាយមេខាងជើង រាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ បានដំណើរបើកការដ្ឋានហើយ ។

ក្នុងពិធីបើកការដ្ឋាន​​ ​នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោមការដឹកនាំ​ របស់សម្តេចតេជោហ៊ុន សែនបានធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍ ប្រទេសជាតិ អោយរីកចំរើនយ៉ាងឆាប់រហ័ស ។

លោកបានបន្តថា ជាក់ស្តែងកំណាត់ផ្លូវយើង បានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានទទឹងរហូតជាង​ ៥គីឡូម៉ែត្រ និងមានទទឹង ៣០ម៉ែត្រ អាចកាត់បន្ថយ ការកកស្ទះចរាចរ នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង រាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវនេះ ស្ថាបនាដោយ ក្រុមហ៊ុនឯកជន តែស្ថិតក្រោមការត្រួតពិនិត្យ បច្ចេកទេស ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ក្នុងនោះដែរ លោក ឃួង ស្រេង ក៏បានស្នើសុំអោយប្រជាពលរដ្ឋ ចូលរួមសហការ និងយោគយល់ ចំពោះផលប៉ះពាល់ និងការរំខានពីការដ្ឋាននេះ។

លោក ឃួង ស្រេង ក៏បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ និងគណៈគ្រប់គ្រង វត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត នូវរាល់វិធានការទាំងឡាយ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសក្នុងកំឡុងពេលប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បើទោះបី មកដល់ពេលនេះស្ថានភាព បង្ការនិងគ្រប់គ្រង ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លង ក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាល ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្ត ទៅមក និង១គន្លង សម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាង ផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ ទទឹងផ្លូវ ចំនួន៨កន្លែង ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា នៅកណ្តាលសួនច្បារ នៃមហាវិថីនេះ ក៏មានតម្លើងបង្គោលភ្លើង បំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃ ដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ ជាមួយនឹងការរៀបការឺឡា និងរៀបខឿន ចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុប ចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ ផងដែរ៕

To Top