ព័ត៌មានជាតិ

ប្រធានសភាមុខរបរ និងមីក្រូសហគ្រាស កម្ពុជា អនុញ្ញាត ឲ្យគណៈប្រតិភូ​ យុវជនក្រៅប្រព័ន្ធ ជួបពិភាក្សាការងារ

ភ្នំពេញ៖ លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុញ្ញាត ឲ្យគណៈប្រតិភូយុវជន ធ្វើសកម្មភាពពាក់ព័ន្ធ នឹងយុវជនក្រៅប្រព័ន្ធ ដឹកនាំដោយ លោក ហោ សេរីវឌ្ឍន៍ និងលោក សំហេង បុរស ចូលជួបសំដែងការគួរសម និងពិភាក្សាលើការងារមួយចំនួន នៅវិមានសន្តិភាព ។

ការជួបសំណេះសំណាលនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែក ព័ត៌មានគ្នា ទៅវិញទៅមក រវាងកិច្ចការ របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងកិច្ចការ របស់យុវជនក្រៅប្រព័ន្ធ ដែលកំពុងធ្វើសកម្មភាព ដើម្បីស្វែងរក ការសហការគ្នា ជួយដល់យុវជនក្រៅប្រព័ន្ធ ដែលកំពុងប្រឈម បញ្ហានានា ក្នុងដំណាក់កាលកូវីដ និងនៅថ្ងៃអនាគត។

លោកទេសរដ្ឋមន្ត្រី សុន គន្ធរ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានសម្តែងភាពសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការសហការ ជាមួយនឹងគណៈប្រតិភូ យុវជនក្រៅប្រព័ន្ធ។ គួរកត់សម្គាល់ផងដែរថា គណៈប្រតិភូយុវជនធ្វើសកម្មភាព ពាក់ព័ន្ធនឹងយុវជនក្រៅប្រព័ន្ធនេះ មានសមាសភាពប្រមូលផ្តុំ ពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នគ្រឹះស្ថានសិក្សា អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ។

គួរអោយដឹងថា ស្ថាប័នទាំងពីរនេះ មានគោលដៅ និងការងាររួមគ្នា ក្នុងការជួយ ដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចៗ ឬប្រកបអាជីវកម្មក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណា ឲ្យពួកគេមានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីបង្កើនជីវភាព​ របស់ពួកគាត់។

មិនត្រឹមតែប៉ុណ្ណោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងគណៈប្រតិភូយុវជន ធ្វើសកម្មភាពក្រៅប្រព័ន្ធ នឹងធ្វើការរួមគ្នាយ៉ាងណា ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋ ជាពិសេសរបស់យុវជន ដែលបំពេញការប្រកបរបរ ចិញ្ចឹមជីវិត ជាលក្ខណៈស្វ័យនិយោគ និងក្រៅប្រព័ន្ធ សំដៅស្វែងរកដំណោះស្រាយ ពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។

នៅទីបញ្ចប់ លោក សុន គន្ធរ និង លោក ហោ សេរីវឌ្ឍន៍ បានឯកភាពគ្នាថា ត្រូវធ្វើការទំនាក់ទំនងគ្នា និងធ្វើការរួមគ្នាជាប្រចាំ ដើម្បីរកមធ្យោបាយ ធ្វើយ៉ាងណា ជួយដល់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធ ឲ្យមានការរីកចម្រើន ទាំងចំណេះដឹង ជំនាញ និងបង្កើនប្រាក់ចំណូល៕

To Top