ព័ត៌មានជាតិ

លោកថោង ខុន ជំរុញមន្ទីរទេសចរណ៍និងអាជ្ញាធរ ឲ្យបង្កើនការអនុវត្តន៍ វិធានសុវត្ថិភាព ក្នុង ឱកាស បុណ្យ ភ្ជុំបិណ្ឌ

ភ្នំពេញ៖លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមន្ទីរទេសចរណ៍ រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាននិងផ្នែកពាក់ព័ន្ធ ឲ្យបង្កើនការអនុវត្តន៍ វិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ កំលុងពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីបន្តការពារ ការរីករាលដាលកូវវីដ១៩ឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចលនាទេសចរក្នុងស្រុក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា
ក្នុងឱកាសថ្ងៃឈប់សម្រាកសង បុណ្យចូលឆ្នាំថ្មីកន្លងមក គ្រប់អ្នកធ្វើការងារនានាអាចឈប់សម្រាករហូត ៩ថ្ងៃ និងមានទេសចរក្នុងស្រុកចេញធ្វើដំណើរកម្សាន្តកើនរហូតដល់ជាង ២លាននាក់ ហើយពុំមានករណីរាតត្បាតឆ្លង COVID-19 នៅក្នុងសហគមន៍ និងគោលដៅទេសចរណ៍ណានោះទេ។

លោកបន្តថា ហើយនៅក្នុងឱកាសឈប់ សំរាកបុណ្យភ្ជុំបិណ្ឌចំនួន ៣ថ្ងៃ គ្រប់អ្នកបម្រើការងារនានាអាចឈប់សំរាករហូតដល់ ចំនួន៥ថ្ងៃ បណ្តាពលរដ្ឋក្រៅពីអញ្ជើញធ្វើដំណើរ ទៅទីវត្តអារាមនោះពួកគេនឹងបន្តធ្វើដំណើរទៅកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទៀត។

លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា សម្រាប់បញ្ហានេះ ខ្ញុំសូមជំរុញអាជ្ញាធរមូលដ្ឋាន ជាពិសេសគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវរិះរកវិធីសាស្ត្របន្ថែម រកមធ្យោបាយបន្ថែម អនុវត្តគោលការណ៍ណែនាំរបស់ក្រសួង ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីខិតខំធ្វើឱ្យសហគមន៍ទេសចរណ៍ នៅទូទាំងប្រទេសគ្មានករណីរាតត្បាត COVID-19 និងធ្វើឱ្យកម្ពុជាទាំងមូលដ្ឋានក្លាយជាគោល ដៅទេសចរណ៍មានគុណណភាពនិងសុវត្ថិភាព”។

ជាមួយគ្នានោះលោកបញ្ជាក់ថា នៅក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យ ចូលឆ្នាំថ្មីកន្លងមក រកចំណូលពីទេសចរក្នុងស្រុក បានប្រមាណជាង ១០០លានដុល្លារ ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ និងបង្កើនធ្វើឱ្យបណ្តាអាជីវកម្ម ដែលបានផ្អាកបណ្តោះអាសន្នបានបើកដំណើរការឡើងវិញជាង ៦០០អាជីវកម្ម ហើយមានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណជាង ៧,០០០នាក់ បានត្រឡប់ចូលធ្វើការងារវិញ។

លើសពីនេះទៀត លោកក៏បានណែនាំ ឲ្យនាយកដ្ឋានជំនាញទេសចរណ៍ សហការជាមួយមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត ជំរុញការផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរៀបចំពង្រឹងគុណភាពផលិត ផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិផងដែរ។

សូមបញ្ជាក់ថា វិធានសុវត្ថិភាពទេសចរណ៍បច្ចុប្បន្ន គឺអនុវត្តបានលើអាជីវកម្មដែលបើកដំណើរការផ្តល់សេវាចំនួន ៦ រួមមាន៖ អាជីវកម្មសណ្ឋាគារ ,ផ្ទះសំណាក់ ភោជនីយដ្ឋាន, អាហារដ្ឋាន សេវាដឹកជញ្ជូនផ្លូវគោគ ផ្លូវទឹក និងសហគមន៍ទេសចរណ៍, រមណីយដ្ឋានទេសចរណ៍ជាដើម៕ដោយ៖ធី លីថូ

To Top
×