ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រី កាន់បិណ្ឌវេនទី១០ នៅវត្តភ្នំជ័យគិរី ភ្នំហាន់ជ័យ័យ ស្រុកកំពង់សៀម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ នៅវត្ត ភ្នំ ជ័យ គិរី (ភ្នំ ហាន់ ជ័យ ) ស្ថិត នៅក្នុងឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដួចផ្ដើមគំនិតមួលមតិគ្នា ជាមួយនិងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើពិធីកាន់បិណ្ឌវេនទី ១០ នៅវត្ត ភ្នំជ័យគិរី (ភ្នំ ហាន់ ជ័យ ) ដោយបាននាំយកទៅជាមួយ បាយសម្លនំចំណី និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃទុកជាចង្ហាន់ ដែលគង់ចាំព្រះវស្សានៅទីអារាមនោះ ។

មន្ត្រីដដែលឲ្យដឹងទៀតថា ក្នុងពិធីនោះផងដែរ ថ្នាក់ដឹកនាំទាំងអស់ និងពុទ្ធបរិស័ទ ក្រៅពីចូលអុជធូប បួងសួងសុំសេចក្តីសុខ ក៏បាននាំគ្នាស្ដាប់ការទេសនារបស់ព្រះសង្ឃ ដើម្បីទទួលយកធម្មទានមកគិតត្រិះរិះពិចារណា បានជាបញ្ញា យកមកបដិបត្តិ ដើម្បីទទួលបានសេចក្តីសុខផងដែរ ។

គួរបញ្ជាក់ផងដែរថាអត្ថប្រយោជន៍នៃពិធី បុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីហេតុនាំឲ្យសុខ និងវិនាសផងដែរ។

យ៉ាងណាម៉ិញ រៀងរាល់ពេលព្រឹកព្រលឹមចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ (ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ) គេតែងបានឮព្រះសង្ឃសូត្រធម៌ ដែលហៅថា បរាភវសូត្រ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធ បានដាស់តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ ១២ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ធម៌បង្ហាញក្តីវិនាសទាំង១២ប្រការនេះ ត្រូវបានព្រះសង្ឃជាសាវ័ករបស់សម្មាសម្ពុទ្ធមានសង្ឃដីកាថា ប្រសិនបើប្រជាពុទ្ធបរិស័ទស្តាប់ ហើយពិចារណា នឹងធ្វើឲ្យជីវិតកាន់តែប្រសើរ និងចៀសផុតពីក្តីវិនាសទាំងឡាយ ទទួលបាននូវសេចក្តីសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គម។

To Top