ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរដើរ កម្សាន្តទូទាំងប្រទេស ជាង១លាននាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់ មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ មានចំនួន១.១១២.៤០៣នាក់។

របាយការណ៍ដដែល បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត នៅទូទាំងប្រទេស រួមមាន ភ្ញៀវជាតិមានចំនួន១.១០៥.៦១១ នាក់ ដោយឡែកភ្ញៀវអន្តរជាតិ មានចំនួន៦.៧៩២នាក់។

ប្រភពដដែលរៀបរាប់ថា ជាការគួរកត់សម្គាល់លើទិដ្ឋភាពសំខាន់ៗជារួម ដូចជា ៖បើទោះបីមានភ្លៀង ធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើន នៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។ចំណែកការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។

មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ៕

To Top
×