ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលយុត្តិធម៌ បានពង្រឹង និងបង្ក្រាបបទល្មើស គ្រឿងញៀនបានជិត ២០០ ករណីក្នុងឆមាសទី១ ឆ្នាំ២០២០

កំពង់ចាម ៖ ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានពង្រឹងវិធានការ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២០០ ករណីក្នុងឆមាសទី១ឆ្នាំ ២០២០នេះ ពោល គឺមានការកើនឡើង ជាងឆមាស នៃឆ្នាំកន្លងទៅ ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្នុងពេល បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយ ការណ៍ស្តីពីលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ នឹងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួម ពី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត – អភិបាលស្រុក-ក្រុងទាំង១០ និង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើន នាក់ផងដែរ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងរយៈកាលកន្លងទៅនេះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំជាប្រចាំទៅដល់ អាជ្ញាធរមូលដ្ឋានក៏ដូចជា សមត្ថកិច្ចមន្ត្រីជំនាញឱ្យអនុវត្តទៅតាម តួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ នៅក្នុងមូលដ្ឋាន ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ ២០២០ នេះ ឃើញថាសមត្ថកិច្ចបានខិតខំប្រឹងប្រែង អនុវត្តការងារប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈរបស់ខ្លួន ដែលក្នុងនោះបញ្ហាបទល្មើសគ្រឿងញៀន សមត្ថកិច្ចយើងធ្វើការជម្រុញ បង្ក្រាបបានច្រើន បូករួមជាមួយវិធានការមួយចំនួនដូចជា វិធានការអប់រំផ្សព្វផ្សាយ. វិធានការរដ្ឋបាល. វិធានការច្បាប់ . វិធានការស្ដានីតិសម្បទា និងសមាហរណកម្ម . និងវិធានការកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និង អន្តរជាតិ ។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្ត បានអនុវត្តវិធានការថ្មីគឺបានធ្វើការជួបជុំជាមួយ នឹងម្ចាស់សប្បាយដ្ឋាន ម្ចាស់សណ្ឋាគារ ឬ ផ្ទះសំណាក់ជាដើម ដើម្បីអប់រំ និងធ្វើកិច្ចសន្យា ក្នុងគោលបំណង អោយពួកគាត់រួមសហការ ជាមួយសមត្ថកិច្ច ជួយទប់ស្កាត់បទល្មើសគ្រឿងញៀនទាំងអស់គ្នា។

ដោយការខិតខំប្រឹងប្រែងនេះ ជាលទ្ធផល ធ្វើឱ្យសមត្ថកិច្ចឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀនបាន១៩៩ ករណី ធ្វើការឃាត់ខ្លួនជនល្មើសចំនួន៧០៣ នាក់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ ពោលគឺការបង្ក្រាបនេះមានការកើនឡើង ៩៩ ករណី បើធៀបជាមួយឆមាសទី១ ឆ្នាំ២០១៩ បង្ក្រាបបាន១០០ករណី និងឃាត់ខ្លួនជនល្មើសបានជាង២០០នាក់ ប៉ុណ្ណោះ។

លោកអភិបាលខេត្តបានថ្លៃបន្តថា ទោះបី ជាភូមិសាស្រ្តខេត្តកំពង់ចាម មិនមែនជាកន្លែងផលិត យ៉ាងណាក៏ដោយ ប៉ុន្តែគ្រឿងញៀននេះ វាបានធ្វើចរាចរណ៍នឹងត្រូវបានឧក្រិដ្ឋជននោះ ប្រើប្រាស់ជាកន្លែងជួញដូរ និងចែកចាយ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលចាំបាច់ត្រូវឱ្យសមត្ថកិច្ចយើង បង្កើនសមត្ថភាព ខិតខំប្រឹងប្រែងអនុវត្តវិធានការ ទប់ស្កាត់ បង្ការនិងបង្រ្កាប អោយមានប្រសិទ្ធភាព ។

ស្ថិតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ដែងការកោតសរសើរ ដល់ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ក៏ដូចជាកងកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ ដែលបានរួមគ្នាខិតខំប្រឹងប្រែង ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អ ក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានផ្ដាំផ្ញើដល់សមត្ថកិច្ចជំនាញ សូមឲ្យបន្តខិតខំប្រឹងប្រែង បង្កើនការប្រមូលព័ត៌មាន បង្កើនការស៊ើបអង្កេត និងឈានទៅបង្ក្រាប ទទួលបានជោគជ័យបន្ថែមទៀត។

To Top