ព័ត៌មានជាតិ

ទិវាសន្តិភាពអន្តរជាតិ៖ អូស្រា្តលី រម្លឹកពីគុណបំណាច់របស់ខ្លួន ចំពោះសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចំាកម្ពុជា បានថ្លែងសម្តែងនូវក្តីរម្លឹក ចំពោះស្នាដៃជាច្រើនរបស់ខ្លួន ក្នុងការរួមចំណែកស្វែងរក និងគំាទ្រសន្តិភាព នៅក្នុងប្រទេសកម្ពុជា ពីប្រទេសទទួលកងកម្លាំងសន្តិសុខ ​អង្គការសហប្រជាជាតិ (អ.ស.ប) រហូតក្លាយជាប្រទេសបញ្ជូនកងកម្លាំងក្រោមឆ័ត្រ អ.ស.ប។

ស្ថានទូតអូស្រ្តាលី បានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសហ៊ុក របស់ខ្លួនថា ក្នុងទិវាសន្តិភាពអន្តរជាតិនេះ (២១កញ្ញា) អូស្រ្តាលី ទទួលស្គាល់ថា អង្គការសហប្រជាជាតិ បានធ្វើការងារដ៏សំខាន់ អស់រយៈពេល ៧៥ ឆ្នាំ កន្លងមក ដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខពិភពលោក។ រួមមានទាំងនៅក្នុងកម្ពុជា ដែលជិត ៣០ ឆ្នាំកន្លងមកហើយ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) ជាមួយមេបញ្ជាការកងកំលាំងអូស្រ្តាលី ឧត្តមសេនីយ៍ឯក John Sanderson, AC បានជួយកម្ពុជា រៀបចំការបោះឆ្នោត និងចាត់វិធានការសំខាន់ៗ ដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែង។

ទូតអូស្រ្តាលី បញ្ជាក់បន្ថែមផងដែរថា “ជាលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានដាក់ពង្រាយកងថែរក្សាសន្តិភាព ជាង ៦.៧០០ នាក់ ទៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ក្នុងបុព្វហេតុសន្តិភាព”។  “អូស្រ្តាលី ប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា រួមទាំងសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ លើកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព”។

ដោយ៖ សយ សុភា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top