ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ដំឡើងការព្យាករ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ និងកោតសសើរផ្នែកសុខាភិបាល ក្នុង ការប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២០​  ដោយផ្អែកលើ​​ភាពប្រសើរ​ជាងមុន​ នៃផលិតកម្ម វិស័យ កសិកម្ម និងការកើនឡើង ​ នៃការនាំចេញផលិតផល មិនមែន​សំលៀកបំពាក់​​ ​ដូចជា​កង់​ និង គ្រឿងអេឡិចត្រូនិច ព្រមគ្នានឹងការស្ញើចសសើរ ចំពោះការប្រយុទ្ធប្រឆាំងដ៏ស្រួចស្រាវ កូវីដ១៩។

បច្ចុប្បន្នភាពនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ ឆ្នាំ២០២០ ដែលជារបាយការណ៍សេដ្ឋកិច្ចពិសេស ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ព្យាករ​ពីការ ធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០%​ បើធៀបទៅនឹង -៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ បានមានប្រសាសន៍ថា “ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់ មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ យើងរំពឹង​ថា​កំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥,៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកំលាំងជំរុញ   នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។ វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែល ចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និង អាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩”។

ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែក​ជើង(GTF) ប្រហែល ១ភាគ៣ ក្នុងឆមាស ទី១ នៃឆ្នាំ ២០២០ ។ ប៉ុន្តែ កំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច​ បានជំរុញឱ្យ​ការនាំចេញ ​ផលិតផល ក្រៅពីទំនិញកាត់ដេររបស់កម្ពុជា កើនឡើង ៣០,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយ​នៃឆ្នាំ ២០២០។ កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើន ៥,១%  ក្នុងឆ្នាំ ២០២០ ប្រសិនបើ ការនាំចេញនៃ សម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែក​ជើង បន្តងើបឡើង។

កូវីដ១៩ ជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ នៅកម្ពុជា។ វាត្រូវបានរំពឹងថា នឹងមាន​ការបើក​​​ ដំណើរ​ការជាបណ្តើរៗឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ ២០២០ ប៉ុន្តែវិស័យសេវាកម្មត្រូវបាន ព្យាករថា​នឹងធ្លាក់ចុះ​ ១៥,១% ក្នុងឆ្នាំ ២០២០ ។ ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ៩៨,១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣.០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥.០០០ នាក់បាត់បង់ការងារ។

ហានិភ័យនៅតែមាន​ ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ និងសំណង់ និងការថយចុះ​នៃកសិផល ដោយសារមានភ្លៀងធ្លាក់តិច ក្នុងខែមិថុនានិងខែកក្កដា។ តម្រូវការអ្នកប្រើប្រាស់ ក៏អាចបន្ត ធ្លាក់ចុះ​ដោយសារជំងឺរាតត្បាតនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី​ ​កំពុងគាំទ្រដល់ការឆ្លើយតប របស់រាជ រដ្ឋាភិបាល​កម្ពុជា​ ទៅនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ ដើម្បីពង្រឹង ប្រព័ន្ធ​សុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ក្រោមយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍​អាស៊ីនឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១,៤៥ ពាន់លានដុល្លា​រ ​ដល់ ប្រទេសកម្ពុជា ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្មនិងធនធានធម្មជាតិ ធ្វើឱ្យប្រសើរ​ឡើងនូវស្ថានភាព រស់នៅទីក្រុងនិងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និង​ការអភិវឌ្ឍជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណង​ពង្រីកវិសាលភាពនៃការទទួលបាន​សេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើឱ្យ ប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេស។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេ៕

ដោយ៖ សយ​ សុភា

(រូបភាព៖ ADB)

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top