ព័ត៌មានជាតិ

ទូតអាមេរិក ៖ បរិស្ថានវិនិយោគ នៅកម្ពុជាកំពុង ទាក់ទាញ ចំណាប់ អារម្មណ៍វិនិយោគិន អាមេរិក

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា ដោយសារបរិស្ថាន វិនិយោគនៅកម្ពុជា មានភាពទាក់ទាញ មានអ្នកវិនិយោគ អាមេរិកជាច្រើន កំពុងមានចំណាប់ អារម្មណ៍ ដាក់ទុនវិនិយោគ នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងជំនួបពិភាក្សា ការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក Patrick Murphy បានកោតសរសើរចំពោះរាជ រដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។

លោកបន្ដថា ក្នុងន័យចូលរួមជួយ ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ សាជីវកម្មហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងផ្តល់ហិរញ្ញប្បទាន ដែលមានអត្រា ការប្រាក់ទាប ដល់វិស័យឯកជន នៅកម្ពុជា ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាល ការលំបាក ក្នុងពេលកំពុងប្រឈមនឹង វិបត្តិនៃជំងឺកូវីដ-១៩។

លោក មានប្រសាសន៍ថា «ដោយសារបរិស្ថានវិនិយោគនៅកម្ពុជា មានភាពទាក់ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើន កំពុងមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា។ដូចនេះ លោកឯកអគ្គរដ្ឋទូតនឹងលើកទឹកចិត្ត ឲ្យអ្នកវិនិយោគអាមេរិកជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរួមចំណែកជួយដល់ជីវភាពរបស់ ប្រជាជនកម្ពុជា»។

ឆ្លៀតឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលកន្លងមក បានផ្តល់ ហិរញ្ញប្បទានឥតសំណង រួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច។លោកថា សហរដ្ឋអាមេរិក ក៏ដូចជា ដៃគូអភិវឌ្ឍន៍ដទៃទៀតដែរ បានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបន្ថែមថា ជាក់ស្តែង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៧.៥លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានជម្រាបជូន ទូតអាមេរិកប្រចាំកម្ពុជា ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តវិធានការអន្តរាគមន៍ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយបញ្ហាប្រឈមជាមួយវិបត្តិនៃជំងឺកូវីដ-១៩នេះ ឲ្យទៅជាកាលានុវត្តភាពក្នុងការធ្វើកំណែទម្រង់ និងត្រៀមខ្លួន សម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ។

ដោយឡែក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានដំណើរការ ទៅដោយរលូន និងប្រកបដោយវឌ្ឍនភាព គួរឲ្យកត់សម្គាល់។រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកញ្ចប់វិធានការកែទម្រង់មុតស្រួច សំដៅកែលម្អបរិស្ថានវិនិយោគ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជា រួមទាំងអ្នកវិនិយោគអាមេរិកផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top