ព័ត៌មានជាតិ

អភិបាលរាជធានីបញ្ជាជាថ្មី ឲ្យអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ក្លឹបកំសាន្ត និងខារ៉ាអូខេ លួចលាក់បើក ផ្ទុយពីវិធានការ របស់ក្រសួង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ បន្តការតាមដាន និងត្រួតពិនិត្យទៅលើក្លឹបកំសាន្ត និងខារ៉ាអូខេ ដែលលួចលាក់ បើកដំណើរការ ផ្ទុយពីវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ១៩ ។

ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការគ្រប់គ្រង ការរាតត្បាត នៃជំងឺកូវីដ១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការក្នុងការ ក្នុងភាពជាដៃគូរ រវាងរដ្ឋបាល រាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង AIMF (អា អុី អឹមអេហ្វ) នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានលើកឡើងថា “ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់ នូវជំងឺ–១៩នេះ និងបន្តតាមដាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការ លួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឲ្យរីករាលដាល នៃជម្ងឺកូវីដ–១៩នេះ”។

លោក អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជាយើង ក៏មិនអាចគេចផុត ពីការគំរាមកំហែងនៃជំងឺកូវីដ–១៩ ដូចគ្នានេះផងដែរ បើទោះបី ជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ រួមនឹងជនបរទេស ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជានមិនទាន់មាននរណាម្នាក់ រងគ្រោះរហូតដល់បាត់បង់ជីវិត នៅឡើយក្តី ប៉ុន្តែជាកត្តាសត្យានុម័ត បញ្ហានេះបានបង្កើត ឲ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចជៀសមិនរួច”។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការរៀបចំសិក្ខាសាលា ក្នុងពេលនេះគឺជាផ្នែកមួយ នៃការអនុវត្តន៍ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះ រយៈពេលកន្លងមកក្រុមការងារអនុវត្តគម្រោង នៃសមាគមAIMF សហការជាមួយនឹង មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើក រួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅ ជំងឺកូវី–១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សំភារៈ ការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាង របស់អ្នកជម្ងឺកូវីដ–១៩ ។

គួររំលឹកថា អង្គសិក្ខាសាលាខាងលើនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនប្រសិទ្ធភាព នៃការឆ្លើយតប លើកិច្ចការ បង្ការនិងទប់ស្កាត់ ការរាលដាល នៃវីរុស covid-19 នៅក្នុង ខណ្ឌ សង្កាត់ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយ ក្នុងភាពជាដៃគូរ រវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីនៃឯកសារវិសោធនកម្ម លេខ២ ស្តីពីការត្រៀមបង្ការ ចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អ ក្នុងទីក្រុង។

គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះ នឹងធ្វើឡើងក្នុងរយៈពេល ពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រគល់ បរិក្ខាពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ–១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាល ជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ៕

To Top