ព័ត៌មានជាតិ

វិភាគ ៖ អង្គការណាតូ និងប្រទេសទួកគី ចាប់ផ្តើមចង្អុលមុខគ្នា ក្នុងជម្លោះ រវាងប្រទេស អាស៊ែបៃហ្សង់ និងអាមេនី

បច្ចុប្បន្នភាព

អង្គការណាតូ និងប្រទេសទួរគី កំពុងទម្លាក់កំហុសដាក់គ្នា និងចង្អុលមុខគ្នា ក្នុងជម្លោះប្រដាប់អាវុធ រវាងប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអាមេនី ខណៈដែលទួរគី ក៏ជាប្រទេសសមាជិកមួយ ក្នុងចំណោមប្រទេស ជាសមាជិកទាំង២៧ របស់អង្គការណាតូ ។

ការចង្អុលមុខគ្នានេះ បានកើតឡើងដោយសារអង្គការណាតូ គាំទ្រប្រទេសអាមេនី និងប្រទេសទួកគីគាំទ្រ ប្រទេសអាស៊ែបៃហ្សង់ ដោយណាតូបានចោទប្រកាន់ ទួកគីពីបទជួយធ្វើសង្គ្រាមអាស៊ែបៃហ្សង់ ហើយទួកគីបានចោទប្រកាន់ណាតូ ពីបទកាន់ជើងអាមេនីខុសរឿង ។

សូមបញ្ជាក់ជូនថា ជម្លោះប្រដាប់អាវុធរវាងប្រទេសអាស៊ែបៃហ្សង់ និងអាមេនី បានកើនឡើងដោយសារចលនាផ្តាច់ទឹកដីនៅតំបន់ ណាហ្កូនី ការ៉ាបាក់ (Nagorny Karabakh) ដែលជាតំបន់ជាប់ព្រំដែន រវាងប្រទេសទាំងពីរ ។

ការ៉ាបាក់ គឺជាតំបន់ស្ថិតនៅក្នុងទឹកដី របស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែតំបន់នេះមានជនជាតិអាមេនីរស់នៅច្រើន ដែលជាប្រជាពលរដ្ឋកាន់សាសនាគ្រឹស្ត ហើយជនជាតិអាស៊ែបៃហ្សង់ ដែលជាអ្នកកាន់សាសនាអ៊ីស្លាម ក៏រស់នៅក្នុងតំបន់នេះច្រើនដែរ ។

តំបន់ ណាហ្កូនី ការ៉ាបាក់ បានបង្កើតចលនាផ្តាច់ទឹកដី ចេញពីប្រទេសអាស៊ែបៃហ្សង់ ដោយមានប្រទេសអាមេនីជាអ្នកជួយគាំទ្រ និងបានធ្វើសង្គ្រាម ជាមួយអាស៊ែបៃហ្សង់ កាលពីឆ្នាំ១៩៩១ រួមទាំងបានប្រកាសឯករាជ្យ ប៉ុន្តែគ្មានប្រទេសណាគាំទ្រឯករាជ្យនោះ ។

ចាប់តាំងពីពេលនោះមក មេដឹនាំនិងប្រជាពលរដ្ឋនៅតំបន់ ការ៉ាបាក់ នៅតែបន្តចលនាផ្តាច់ទឹកដី ចេញពីអាស៊ែបៃហ្សង់ ហើយកងកម្លាំងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ក៏តែងតែប្រើធម៌ក្តៅ ក្នុងការបង្ក្រាបលើចនលាបះបោរផ្តាច់ទឹកដីនោះដែរ ។

ជម្លោះប្រដាប់អាវុធសាជាថ្មី រវាងប្រទេសអាស៊ែបៃហ្សង់ និងអាមេនីនៅតំបន់ ការ៉ាបាក់ បានកើតឡើងយ៉ាងក្តៅគគុក ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយសារតែអាមេនី បានបញ្ជូនកងកម្លាំងយោធា ទៅកាន់តំបន់ការ៉ាបាក់ ដើម្បីជួយចលនាផ្តាច់ទឹកដី ហើយអាស៊ែបៃហ្សង់ បានវាយប្រហារយ៉ាងខ្លាំង ទៅលើតំបន់ការ៉ាបាក់ និងតំបន់ក្បែរខាង ក្នុងបំណងបណ្តេញកងទ័ពអាមេនីចេញ និងបង្ក្រាបចលនាប៉ះបោរក្នុងតំបន់ ។

ប្រទេសទួកគី គាំទ្រប្រទេសអាស៊ែបៃហ្សង់ ដោយសំអាងលើហេតុផលថា អាស៊ែបៃហ្សង់ ដែលបានវាយប្រហារទៅលើតំបន់ការ៉ាបាក់ និងកងទ័ពអាមេនី គឺជារឿងស្របច្បាប់ ក្នុងបំណងការពារទឹកដីកុំអោយមានចលនាផ្តាច់ទឹកដី ។

ប្រធានាធិបតីរបស់ប្រទេសទួរគី លោក រ៉េសិប តៃយីប អឺដូហ្កាន (Recep Tayyip Erdogan) បាននិយាយថា ទួរគីបានត្រៀមខ្លួន រួចហើយក្នុងការជួយប្រទេសអាស៊ែបៃហ្សង់ ដើម្បីវាយប្រហារដណ្តើម យកតំបន់ការ៉ាបាក់មកវិញ ពីការទន្ទ្រានរបស់កងទ័ពអាមេនី ។

លោក អឺដូហ្កាន បានបន្ថែមថា កងទ័ពអាមេនីបានឈ្លានពានចូលតំបន់ការ៉ាបាក់ របស់ប្រទេសអាស៊ែបៃហ្សង់ដោយខុសច្បាប់ ក្នុងគោលដៅជួយជ្រោមជ្រែងដល់ចលនាផ្តាច់ទឹកដី ដែលទួរគីមិនអាចឈរអោបដៃមើលបាន ។

ចំណែកអង្គការណាតូ គាំទ្រប្រទេសអាមេនី ដោយសំអាងលើហេតុផលថា បើមិនមានកងទ័ពអាមេនីជួយទេ តំបន់ការ៉ាបាក់អាចនឹងរងគ្រោះធ្ងន់ធ្ងរ ដោយសារការវាយប្រហារពីកងកម្លាំង យោធាអាស៊ែបៃហ្សង់ ដែលមានជំនួយពីប្រទេសទួកគី ។

បារាំងក៏ជាប្រទេសសមាជិក របស់អង្គការណាតូដែរ ហើយប្រធានាធិបតី របស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានរិះគន់យ៉ាងខ្លាំងចំពោះសម្តី របស់លោក អឺដូហ្កាន ដោយបានចាត់ទុកថាជាសម្តីញុះញង់បញ្ឆេះសង្គ្រាម ។

លោក ម៉ាក្រុង បានបន្ថែមថា សម្តីរបស់ប្រធានាធិបតីទួកគីនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ និងជាប្រភពដែលនាំអោយមាន ការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ហើយប្រជាពលរដ្ឋនៅតំបន់ការ៉ាបាក់ គឺជាអ្នករងគ្រោះ ។

ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួកគី បានលើកឡើងថា លោកប្រធានាធិបតីបារាំង បានបាននិយាយសម្តែងសាមគ្គីភាព ទៅខាងអាមេនី ដែលនេះ មានន័យថា បារាំងគាំទ្រឲ្យអាមេនី អោយលើកទ័ពចូលមកទន្ទ្រានដែនដីការ៉ាបាក់ របស់អាស៊ែបៃហ្សង់។

ក្រោយការផ្ទុះអាវុធសាជាថ្មី ដោយមានអន្តរាគមន៍ របស់កងទ័ពអាមេនីចូលទៅជួយក្រុមផ្តាច់ខ្លួន នៅតំបន់ការ៉ាបាក់នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសឲ្យកងទ័ពទាំងសងខាង ទំលាក់អាវុធចុះជាបន្ទាន់ និងបើកផ្លូវចរចា ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសទួកគី ចង្អុលមុខអង្គការណាតូ ក្នុងជម្លោះនៅតំបន់ការ៉ាបាក់ គឺដោយសារណាតូគាំទ្រ ក្រុមចលនាផ្តាច់ទឹកដីនៅការ៉ាបាក់ពីអាស៊ែបៃហ្សង់ ដែលគាំទ្រដោយប្រទេសអាមេនី ដែលទួរគីបានចាត់ទុកជាចលនាខុសច្បាប់ ។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួកគី លោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ការគាំទ្រចលនាផ្តាច់ខ្លួននៅតំបន់ការ៉ាបាក់ពីអង្គការណាតូ គឺជាការបើកផ្លូវអោយកងទ័ព របស់ប្រទេសអាមេនី ចូលឈ្លានពានទឹកដីអាស៊ែបៃហ្សង់ ។

លោក ម៉េវលូត កាវូសូគ្លូ បានបន្ថែមថា ទួរគីនឹងមិនឈរអោបដៃមើលការឈ្លានពានលើទឹកដី អាស៊ែបៃហ្សង់ ពីសំណាក់កងទ័ពអាមេនី នៅតំបន់ការ៉ាបាក់នោះទេ ទោះបីជាអង្គការណាតូគាំទ្រអាមេនីក៏ដោយ ។

ចំណែកលោក ជែន ស្តូលតិនបឺក (Jens Stoltenberg) អគ្គលេខាធិការរបស់អង្គការសម្ព័ន្ធមិត្តណាតូ បាននិយាយថា កងកម្លាំងរដ្ឋាភិបាលអាស៊ែបៃហ្សង់ បានបាញ់ប្រហារដោយកាំភ្លើងធំទៅលើលំនៅឋានរបស់ជនស៊ីវិលនៅតំបន់ការ៉ាបាក់ ។

លោក ជែន ស្តូលតិនបឺក បានបន្ថែមថា ភាគីជម្លោះទាំងពីរគួរតែស្វះស្វែងរកមធ្យោបាយជួបចរចាគ្នាដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដោយអាវុធ ដែលបណ្តាលអោយជនស៊ីវិល និងកងកម្លាំងទាំងសងខាង បានបាត់បង់ជីវិតជាង១០០នាក់ហើយ ៕
ដោយ ៖ អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top