ព័ត៌មានជាតិ

ទីបំផុតចៅប្រុស ដែលបានមើលថែជីតា ទទួលបានកម្មសិទ្ធិ ស្របច្បាប់ តាមការដោះស្រាយ របស់ អភិបាលខេត្តកំពង់ចាម

កំពង់ចាម ៖ ក្រោយពីការប្រជុំដោះស្រាយ ករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋ នៅឃុំគរ ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេច ឲ្យចៅប្រុសដែលបានមើលថែជីតា ទទួលបានកម្មសិទ្ធិស្របច្បាប់ ដែលជីតាចង់ផ្តល់ឲ្យ។

បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដំណើរនៃរឿងក្តីនេះ ផ្តើមពីលោកតា ប៉ោ អួន អាយុ៩៧ឆ្នាំ មានកូនប្រុសពីរនាក់ ដោយកូនប្រុសទីមួយ បានស្លាប់តាំងពីឆ្នាំ ២០១០មកម្លេះ បន្ទាប់មក គាត់ក៏បន្តរស់នៅជាមួយកូនប្រសារ និងចៅប្រុស ។

មន្ត្រីដដែលបានបញ្ជាក់ថា លោកតា គាត់មានដីលំនៅដ្ឋានមួយកន្លែង និងដីស្រែ៣ កន្លែង ដោយគាត់បានបែងចែកដីស្រែ២កន្លែង អោយទៅកូនទីពីរ រីឯដីលំនៅដ្ឋាន និងស្រែ១កន្លែងទៀត ចង់ផ្ទេរអោយចៅ ដែលជាកូនរបស់កូនទី១ និង ជាអ្នកមើលថែគាត់ ជារៀងរាល់ថ្ងៃ ។
ប៉ុន្តែប្រការនោះ ត្រូវបានកូនទី២ ជំទាស់ ទើបនីតិវិធីផ្ទេរកម្មសិទ្ធិ ត្រូវឆ្លងកាត់ការសម្រេច ដោយសាលក្រមតុលាការ។

ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីបានប្រជុំ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ សិក្សាទៅលើករណីខាងលើនេះ លោកអភិបាលខេត្តកំពង់ចាម បានសម្រេចឲ្យចៅប្រុស ដែលបានមើលថែជីតារហូតមក ទទួលបានការផ្ទេរកម្មសិទ្ធិស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លីនោះ ។

To Top