ព័ត៌មានជាតិ

ផ្លូវរត់យន្តហោះ នៅព្រះសីហនុ ជួសជុលអស់ជិត៦០លាន ដុល្លារ គ្រោងដំណើរការ ក្នុងត្រីមាស ចុងក្រោយឆ្នាំ២០២០

" "

ភ្នំពេញ៖ ផ្លូវរត់យន្តហោះ(Runway)នៅអាកាសយាន ដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារត្រូវបានគ្រោងឲ្យដំណើរការជាផ្លូវការ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ខាងមុខនេះហើយ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បើតាមហ្វេសប៊ុក លោករដ្ឋមន្រ្តី ការគ្រោងឲ្យដំណើរការផ្លូវរត់យន្តហោះនេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណង ទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជា យន្តហោះB-777-300ER ឫយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ។

" "

ការប្រកាសគម្រោងបើកដំណើរការនេះ បន្ទាប់ពីលោក នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល បន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនិងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

" "

គួរកត់សម្គាល់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរឲ្យទាក់ទាញ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែល បានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិជាច្រើនផងដែរ។

ដើម្បីប្រើប្រាស់ទិសដៅ ដ៏មានសក្តាដានុពល នៃខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាព ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ បណ្តាញតភ្ជាប់ផ្លូវអាកាស ហើយ ដើម្បីឆ្លើយតបនឹងតម្រូវការអាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឲ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវ យន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន ៕

To Top