ព័ត៌មានជាតិ

ប.ស.ស. បើកកិច្ចប្រជុំប្រចាំខែ ស្តីពីបច្ចុប្បន្នភាពការងារ ជំនាញទាក់ទង និងរបបសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference)

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណៈជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រចាំខែ ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទង នឹងរបបសន្តិសុខសង្គម ដល់លោក លោកស្រី ជាប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. តាមបណ្តាសាខាទូទាំង រាជធានី/ខេត្ត-ខណ្ឌ តាមប្រព័ន្ធវីដេអូ(Video Conference) នាព្រឹកនេះ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួន ទទួលបានលទ្ធផលល្អ ប្រសើរគួរឱ្យកត់សម្គាល់។ 

ទន្ទឹមគ្នានេះ លោកប្រតិភូ ក៏បានមានប្រសាសន៍អំពីស្ថានភាព បច្ចុប្បន្ន នៃប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវបញ្ហាគ្រោះធម្មជាតិទឹកជំនន់ ដោយសាទឹកភ្លៀង តាមបណ្តាលខេត្តមួយចំនួន កំពុងទទួលរងផលប៉ះពាល់។ ដូចនេះ លោកប្រតិភូ ស្នើសុំឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាសាខា ទូទាំងរាជធានី/ខេត្ត-ខណ្ឌ នីមួយៗ ជាពិសេសខេត្ត ដែលទទួលរងគ្រោះទឹកជំនន់ ត្រូវធ្វើយ៉ាងណា ធានាសុវត្ថិភាពរបស់ខ្លួន និងបន្តអនុវត្តការងារ ឱ្យល្អប្រសើរ ជូនដល់បងប្អូន កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស.។

ជាមួយគ្នានេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ក៏សូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេស ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។ 

ជាការពិតណាស់ សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយបំផុត ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត។

ក្នុងឱកាសនេះដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានជម្រុញបន្ថែម ទៅដល់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទូទាំង រាជធានី/ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់សេវា ដល់សមាជិកប.ស.ស. ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ព្រមទាំងផ្តល់ការសម្របសម្រួល ឱ្យបានទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។

សូមបញ្ជាក់ថា កិច្ចប្រជុំ ខាងលើ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ៕

To Top