ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យនិងពន្លឿន ការស្ថាបនាឡើងវិញ លូបង្ហូរទឹកចេញពីក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ្ធ ចុះពិនិត្យវឌ្ឍនភាពនៃការសាង សង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ដែលស្ថិតក្នុងភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង បានធ្វើឱ្យទឹកទន្លេមេគង្គមានកំពស់ ១០,៦២ ម៉ែត្រ ពោលគឺឡើង ០,៣៤ ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ ក្នុងគោលបំណងពន្លឿន ការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ។

យ៉ាងណាក៏ដោយតាមមន្ត្រីបច្ចេកទេស បានឲ្យដឹងដែរថា បច្ចុប្បន្ននេះការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាមបានលទ្ធផល ជាង២០ភាគរយហើយ ។ដោយចាក់បេតុង ជុំវិញចង្កេះប្រព័ន្ធលូថ្មី និងចាក់បេតុងគ្រប់ពីលើមួយជាន់ទៀតមានប្រវែង ៨០ ម៉ែត្រ ចាប់ពីមាត់អណ្ដូងលូចាស់ ទៅដល់ក្នុងទន្លេ ហើយត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗ មានទំហំ ០,៨ ម៉ែត្រ និងសង់អណ្ដូងលូបណ្ដែតចំនួន២បន្ថែមទៀតដើម្បីការពារការស្ទះទឹកហូរ។

គួររំលឹកផងដែរថា កាលពីវេលារំលងអាធ្រាត្រ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចលូរបង្ហូរទឹក នៃសួនច្បារមាត់ទន្លេនោះ បានបាក់ស្រុត ហើយករណីនោះ ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា បណ្ដាលមកពីប្រព័ន្ធលូបង្ហូរទឹក មានសភាពចាស់ទ្រុឌទ្រោម ទៅហើយ ពោលគឺ ប្រព័ន្ធលូនេះបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ ម្យ៉ាងទៀតនៅយប់កើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top