ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ជនបង្គោលស្តីពីបច្ចុប្បន្នភាព នៃការរីករាលដាលមេរោគអេដស៍ និងការប្រឈមរបស់យុវវ័យ នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអញ្ជើញ ចូលរួមវគ្គបណ្តុះបណ្តាល ជនបង្គោល ស្តីពីបច្ចុប្បន្នភាព នៃការរីករាលដាល ​មេរោគអេដស៍ និងការប្រឈមរបស់យុវវ័យ នៃកងយោធពលខេមរភូមិន្ទ ។

លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានមានប្រសាសន៍ថា “បញ្ជាការដ្ឋានកងទ័ពជើងទឹក ដោយមានកិច្ចសហការ ជាមួយ​ និងបណ្តាស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺទទួលបាន ការសហការ និងឧបត្ថម្ភ ពីសំណាក់អាជ្ញាធរជាតិ ប្រយុទ្ធជំងឺអេដស៍ បានរៀបចំនូវកម្មវិធី បណ្តុះបណ្តាលជនបង្គោល ស្តីពីបច្ចុប្បន្នភាព នៃការរីករាលដាល មេរោគអេដស៍ និងការប្រឈម របស់យុវវ័យ នៃកងយោធពល ខេមរភូមិន្ទ ក្នុងគោលបំណង ដើម្បីបង្កើននូវកំរិតសមត្ថភាព របស់នាយនាវី ដែលកំពុងធ្វើកិច្ចការពារពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំង​ នឹងជំងឺអេដស៍ ដែលមកទល់បច្ចុប្បន្ននេះ បញ្ហាជំងឺអេដស៍ គឺនៅតែជាបញ្ហាប្រឈម សម្រាប់មនុស្ស ក្នុងស្រទាប់យុវវ័យ ដែលត្រូវតែងមាន ការប្រុងប្រយ័ត្ន មិនអាចមើលស្ថាលបាន ទោះស្ថិតនៅក្នុង កាលៈទេសៈណា ឬស្ថិតនៅទីណាក៏ដោយ” ។

លោកឧត្តមនាវីឯក បានបន្ថែមថា “ជាពិតណាស់ នៅក្នុងរយៈកាលកន្លងមក ក៏ដូចជាមកទល់នឹងពេលបច្ចុប្បន្ននេះ ជំងឺអេដស៍ នៅតែជាជំងឺមួយ ដ៏កាចសាហាវ នឹងក៏ជាជំងឺមួយ ដែលពិភពលោកទាំងមូល មិនអាចរិះរក នូវមធ្យោបាយមួយ ដែលអាចធ្វើការ ព្យាបាលបានឡើយ ហើយអត្រាអ្នកស្លាប់ ដែលបណ្តាលមកពីជំងឺនេះ នៅតែជាបញ្ហាគួរ អោយព្រួយបារម្ភ ជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ តម្រូវអោយយើងទាំងអស់គ្នា ត្រូវតែមានការចាប់អារម្មណ៍ និងមានវិធានការ ដើម្បីទប់ស្កាត់ បើទោះបីជាបច្ចុប្បន្ននេះ មានបញ្ហាជំងឺថ្មីៗ និងប្លែកៗ បានកើតឡើងជាក់ស្តែង ជំងឺកូវីដ១៩ ដែលជំងឺនេះ គឺជាជំងឺមួយថ្មីទៀត ដែលបានឆក់យកជីវិតមនុស្ស រាប់លាននាក់ ក្នុងរ​យៈពេលដ៏ខ្លី យ៉ាងណាក៏ដោយ ប៉ុន្តែចំពោះបញ្ហា ជំងឺអេដស៍ ក៏យើងមិនអាចមើលរំលង និងធ្វេសប្រហែសបានឡើយ” ។

ក្នុង​ឱកាសនោះដែរ លោកឧត្តមនាវីឯក ទៀ សុខា បានសម្តែងនូវការអបអរសាទរ នឹងស្វាគមន៍ចំពោះវត្តមាន របស់វេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានផ្តល់កិត្តិយស អញ្ជើញជាអធិបតី​ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជនបង្គោល ស្តីពីបច្ចុប្បន្នភាព នៃការរីករាលដាល មេរោគអេដស៍ និងការប្រឈមរបស់យុវវ័យ នៃកងយោធពលខេមរភូមិន្ទផងដែរ៕

To Top