ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក បន្តចុះពិនិត្យស្ថានភាពទឹក នៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធាន មន្ទីរធនធានទឹក និងឧតុនិយម តាមបណ្តាខេត្តប៉ែកពាយ័ព្យ នៅរសៀលថ្ងៃដដែល ថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ នេះបានបន្តចុះពិនិត្យស្ថានភាពទឹក នៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ថានភាពទឹកនៅច្រកទឹកខាងលើនេះ មានកម្រិតធម្មតាជាប្រក្រតីនៅឡើយ បើទោះជាបានទទួលបរិមាណទឹក មួយផ្នែកហូរពីប្រទេសថៃ និងបរិមាណទឹកភ្លៀងធ្លាក់ច្រើនក៏ដោយ ។ ដោយឡែកការលិចលង់ នៅតំបន់ទំនាបភាគច្រើន នៃក្រុងសិរីសោភ័ណ គឺបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនលើសលប់ បើគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានបរិមាណទឹកភ្លៀងធ្លាក់ជាង ៦០០ មីលីម៉ែត្រ ហើយការជន់លិចនឹងឆាប់ហូរស្រកចុះ ជាបន្តបន្ទាប់ទៅវិញ ពេលអាកាសធាតុអំណោយផល នាពេលដ៏ខ្លីខាងមុខ ។

សូមបញ្ជាក់ជូនជ្រាបថា ក្នុងដំណើរចុះពិនិត្យនៅតំបន់នេះ លោករដ្ឋមន្រ្តីក៏បានពិភាក្សា និងណែនាំបន្ថែម ដល់ក្រុមអ្នកបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់កូរ៉េ បន្ទាប់ពីបានចាត់មន្រ្តីបច្ចេកទេសក្រសួង សហការជាមួយទីប្រឹក្សាបច្ចេកទេស កូរ៉េ ចុះស្រាវជ្រាវ និងសិក្សារៀបចំជាសំណើ គម្រោងអស់រយៈពេលជិត១០ឆ្នាំ ទំរាំទទួលបានការគាំទ្រ ហិរញ្ញប្បទាន-ឥណទានពីភាគីសាធារណ:កូរ៉េ ហើយនឹងចាប់ផ្តើមអនុវត្តគម្រោង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ (Irrigation Développement and Flood Mitigation Project) នៅទីតាំងខាងលើ នារដូវប្រាំងឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងនេះ បន្ទាប់ពីសាងសង់រួច មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ ក្នុងតំបន់ជាប់ព្រំដែនស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិសេសអាចមានលទ្ធភាព ផ្គត់ផ្គង់ទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ លក្ខណៈគ្រួសារ និងមានសក្តានុពលស្រោចស្រព លើផ្ទៃដីដាំដុះស្រូវបានប្រមាណ ៣៤.៦០០ ហិកតា ថែមទៀតផង ៕

To Top