ព័ត៌មានជាតិ

១៥០ថ្ងៃ សាលាដំបូងរាជធានី-ខេត្តដោះស្រាយសំណុំ រឿងកកស្ទះជិត ៣ម៉ឺន សំណុំរឿង

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ១៥០ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាល អយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ជាង២៧៧០០សំណុំរឿង ស្មើនឹង៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថា កាលពីថ្ងៃ ទី១៦ តុលា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាធានី-ខេត្ត (គ.យ.ក.ស) បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផល រយៈពេល១៥០ ថ្ងៃនៃការអនុវត្តយុទ្ធនាការដែលប្រកាសចាប់ផ្ដើម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ក្រសួងបន្ដថា «ជាលទ្ធផល សាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជ ម្រះ មានចំនួនសរុបជាង២៧៧០០សំណុំរឿង ស្មើនឹង៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង១០៣០០សំណុំរឿង ស្មើនឹង៨២% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ)»។

បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្ត ក៏បាន ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីចំនួនជាង២០២០០សំណុំរឿង ស្មើនឹង៦១%។

ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ចំនួន៥ រួមមាន ៖ ខេត្តសៀមរាប កោះកុង កំពត បន្ទាយមានជ័យ និងត្បូងឃ្មុំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top